ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់ទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅជួបសំណេះសំណាល និងដាក់បទបញ្ជាជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសន្ទុក ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលប្រចាំការនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជិត ៧ ខែកន្លងទៅនេះ កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម។ ការពារបាន មិនឱ្យមានការកាប់ទន្រ្ទានព្រៃឈើជាថ្មី ។ គ្រប់គ្រងផ្ទៃដី ដែលបានរកឃើញដោយជនល្មើសលួចចកាប់ទន្ទ្រាននាពេលកន្លងទៅ ដោយរក្សាការពារបានមិនឱ្យមានការបាត់បង់ទៅវិញ នឹងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង បានមួយចំនួនបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ជាមួយនោះដែរកងកម្លាំងប្រដាប់អាវុធទាំងបី ដោយមានកងទ័ពជាស្នូលបានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញបានប្រមាណជាង ៥ម៉ឺនដើមផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ដែលកំពុងធ្វើសកម្មភាពនៅក្នុងស្រុកសណ្ដាន់ចំនួន ៤គោលដៅ និងនៅក្នុងភូមិសាស្ត្រស្រុកសន្ទុកចំនួន២គោលដៅ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាន នៅក្នុងរដូវប្រាំងនេះ មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិបានជាដាច់ខាត ។ ទីបញ្ជាការស្រាលនីមួយៗ ត្រូវទទួលខុសត្រូវលើភូមិសាស្ត្រដែលបានប្រគល់។ ក្នុងករណីបទល្មើសមានការកើតឡើងក្នុងតំបន់ណាមួយ លោកប្រធាន និងអនុប្រធានទីបញ្ជាការស្រាលនោះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំខេត្ត បេីក្នុងករណីចាំបាច់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការយោគយល់លើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនទីបញ្ជាការស្រាលទាំង៦ នូវប្រេងឥន្ធនៈចំនួន៧០០ លីត្រ អង្ករចំនួន៦០០ គីឡូក្រាម មីជាតិចំនួន ២២ កេស ត្រីខចំនួន ៤កេសធំ និងភេសជ្ជៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាព ក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យទទួលបានជោគជ័យថ្មីទៀត តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។ អត្ថបទតំបន់សឹករងកំពង់ធំ_ពិនិត្យដោយអ៊ុមញឹប។