ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខាតកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ២២ គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចទាំងទ្វេរនិងលោកជំទាវតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវកោតសរសើរចំពោះប្រជាការពារ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងភូមិអតីតយុទ្ធជន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ ការពារ សន្តិសុខ សុវត្ថិភាព ជូនក្រុមជាងសំណង់ដែលកំពុងសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នងទៀត ជូនអតីតយុទ្ធជន ដែលត្រូវមករស់នៅថ្មីទៀតនៅលើដីសម្បទានសង្គមកិច្ច ជាមួយនោះដែរបានចូលរួមអនុវត្តន៍ដោយជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាការពារជាអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជននៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ជាអតីតយុទ្ឋជន និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។