ទីប្រឹក្សាធនាគារជាតិ អញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់អគារសិក្សា និងមន្ទីរពេទ្យនៅស្រុកស្ទោង
(ខេត្តកំពង់ធំ )÷ លោក ហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងនិងប្រព្រឹត្តទៅបានតាមការកំណត់ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សានិងកំណើនសិក្សានុសិស្សនៅវិទ្យាល័យជា ស៊ីមប្រឡាយ និង
តម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស លោក ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិ និងលោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមន្ទីរពេទ្យនៅក្នុងស្រុកស្ទោង។
សូមបញ្ជាក់ថា អគារសិក្សានៅវិទ្យាល័យជាស៊ីមប្រឡាយ មានទទឹង៩ម៉ែត្រ បណ្ដោយ៥៤ម៉ែត្រ ចែកចេញជា ១២បន្ទប់ ហើយអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានទទឹ១៨ម៉ែត្រ ណ្តោយ៤៥ម៉ែត្រ ចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសិក្សា និងមន្ទីរពេទ្យផងដែរ ដែលជាអំណោយនិងជាចំណង់ដៃដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប ។