បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការកែសម្រួលនីតិវិធីវាយតម្លៃដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទពីរ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការកែសម្រួលនីតិវិធីវាយតម្លៃដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទពីរ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយ នាយរង ការិយាល័យ.ផ្នែក ព្រមទាំងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះផងដែរ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីជូនដំណឹងលេខ០៧៦/ស.ជ.ណ ២០២៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការកែសម្រួលនីតិវិធីវាយតម្លៃដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍និងផ្ទេរយោធិនប្រភេទពីរ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ របស់ទីចាត់ការបុគ្គលិក អគ្គមេបញ្ជាការ ដាក់ជូនអង្គប្រជុំ ដើម្បីពិភាក្សា និងប្រុងប្រៀបបណ្ដាឯកសារផ្សេងៗ ដែលមានការពាក់ព័ន្ធរាយការណ៍ជូនថ្នាក់លើ តាមកាលបរិច្ឆេទកំណត់ឲ្យទាន់ពេលវេលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីខួបលើកទី៣០ ថ្ងៃកំណើតកងពលតូចលេខ៧០ ស្ដីពីការដាក់យោធិនទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ នឹងបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗក្នុងសេចក្តីណែនាំស្ដីពីការកែសម្រួលនីតិវិធីវាយតម្លៃដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទពីរ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ខាងមុខនេះ។ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងបណ្ដាការិយាល័យស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពិនិត្យយោធិនទាំងពីរភេទ ដើម្បីវាយតម្លៃដាក់ឲ្យចូលសោធននិវត្តន៍ ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ដោយផ្អែកលើមុខសញ្ញាដូចខាងក្រោម : ទី១ យោធិនដែលមានការស្ម័គ្រចិត្តដាក់ពាក្យស្នើសុំចូលសោធននិវត្តន៍។ ទី ២ យោធិនមានសុខភាពទ្រុឌទ្រោម មិនអាចបម្រើការងារបាន និងទី៣ យោធិនអសកម្ម បាត់បង់សមត្ថភាពការងារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីមានយោធិនស្ថិតក្នុងមុខសញ្ញាទាំងបីខាងលើ បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះ ត្រូវធ្វើការប្រជុំត្រួតពិនិត្យវាយតម្លៃឲ្យបានហ្មត់ចត់ និងរៀបចំបែបបទឯកសារបញ្ជូនមកទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីគណៈកម្មការប្រជុំត្រួតពិនិត្យ និងវាយតម្លៃ កសាងសំណុំឯកសារគ្រប់គ្រាន់ រាយការណ៍សុំការសម្រេចពីថ្នាក់លើ តាមឋានានុក្រម -ពិនិត្យដោយអ៊ុមញឹប។