លោកឧត្តមសេនីយ៍ទោ ហេង សុផល បានចុះដល់លំនៅដ្ឋានជនរងគ្រោះភ្លាមៗបន្ទាប់ពីកូនស្លាប់៣នាក់ដោយសារលង់ទឹក
(កំពង់ធំ)÷ បន្ទាប់ពីទទួលបានដំណឹង ដ៏សែនក្រៀមក្រំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានចុះដល់លំនៅដ្ឋានជនរងគ្រោះភ្លាមៗបន្ទាប់ពីកូនស្លាប់៣នាក់ដោយសារលង់ទឹកស្ថិតនៅចំណុចស្រះរណ្តៅអាអិច ភូមិ សែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា សពកុមារទាំង០៣នាក់ស្លាប់ដោយសារលង់ទឹកស្រះមានឈ្មោះ÷ ១.ឈ្មោះ ផល្លី ឌីណែត ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស។ ២.ឈ្មោះ សុវណ្ណ កណ្ណិកា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។៣.ឈ្មោះ ធន់ ធារ៉ា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង០៣ នាក់ រស់នៅភូមិសែនសេរី ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ មូលហេតុចេញមកពីសាលារៀនវិញ នាំគ្នាចុះលេងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់ទាំង០៣នាក់តែម្ដង។
ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យរួចមកលើសពកុមារទាំង០៣នាក់ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពកុមារទាំង០៣នាក់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។