អភិបាលខេត្តកំពង់ធំជួបសំណេះសំណាលជាមួយកីឡាទូកដែលត្រូវចូលរួមពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ និងអំពាវនាវឲ្យខិតខំប្រឹងប្រែងដើម្បីទទួលជ័យជំនះ
(ភ្នំពេញ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកដែលត្រូវចូលរួមពិធីបុណ្យ អុំទូក អកអំបុក និង សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រមាណជិត៨០០នាក់។
ឯកឧត្តមបានជំរុញឲ្យក្រុមកីឡាករទូកទាំងអស់ត្រូវសហការសាមគ្គីគ្នាល្អក្នុងការអុំដើម្បីទទួលបានជ័យជំនះក្នុងព្រះរាជពិធីបុណ្យ អុំទូក អំបុក និង សំពះព្រះខែ នៅថ្ងៃស្អែកនេះ។ដូច្នេះ កីឡាករទូកទាំងអស់ត្រូវឯកភាពផ្ទៃក្នុងអោយបានល្អកុំមានការប្រទូសសារាយគ្នាទោះបីអុំទូកឈ្នះ ឬចាញ់ គឺសូមអោយមានសេចក្តីសុខទាំងអស់គ្នា ។
ឯកឧត្តមបន្តទៀតថាកីឡាករទាំអស់ត្រូវគោរពវិន័យនិងអនុវត្តអោយបានល្អតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក ត្រូវថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាព ត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការអោយបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាតទីកន្លែងស្នាក់នៅអោយបានស្អាត មុនពេលត្រឡប់ទៅមូលដ្ឋានវិញ ។
ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បាននាំយកគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ជារបស់រដ្ឋបាលខេត្ត និងថវិកាមួយចំនួនជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមកីឡាករទូកសម្រាប់ប្រើប្រាស់ផងដែរ ។
គួរបញ្ជាក់ថាទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញមានចំនួន៩ទូក ក្នុងនោះរួមមាន៖
*ទី១៖ ចំប៉ាពិសីសែនជ័យ
*ទី២៖ ពោធិ៍អណ្តែតធិបតីសែនជ័យ
*ទី៣៖ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង
*ទី៤៖ តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ
*ទី៥៖ សែនសេរីមានជ័យ
*ទី៦៖ ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក
*ទី៧៖ ស្រីស្រស់ស្ទឹងសែន
*ទី៨៖ តេជោសែនជ័យបារមីវត្តកងមាស
*ទី៩៖ ច័ន្ទមណី+គគីរមានជ័យ៕