រដ្ឋបាលស្រុកស្ទោង ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តស្រែក្រសាំង ដើម្បីផ្សារភ្ជាប់ពុទ្ធចក្រ និងអាណាចក្រ
(ខេត្តកំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តួចផ្ដើមដឹកនាំមន្ត្រីរាជការ សមាជិកសមាជិកា និងកងកម្លាំងទាំងបី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និង លោកអាចារ្យគណៈកម្មការទាំង៤៨វត្តក្នុងស្រុកស្ទោង បានរួបរួមសហការគ្នាដង្ហែអង្គកឋិនទៅកាន់វត្តស្រែក្រសាំង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែវិច្ឆិកា
ឆ្នាំ២០២៤។
លោក សាយ គឹមឡម បានឱ្យដឹងថា ក្រៅពីការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រគឺជាការសន្សំនូវបុញ្ញានិធិសម្រាប់ជាតិនេះ និងអនាគតជាតិក្នុងនាមពុទ្ធសាសនិកជនដែលតែងតែគោរពប្រតិបត្តិពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននិងដើម្បីតម្កល់សាសនាព្រះពុទ្ធឱ្យបានរុងរឿងគ្រប់៥,០០០ព្រះវស្សា។
ទន្ទឹមនឹងនេះ គឺជាការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសដើម្បីចូលរួមឧបត្ថម្ភគាំទ្រការកសាងសាលាឆាន់ថ្មី សម្រាប់ប្រជាពុទ្ធបរិស័ចំណុះជើងវត្តជិតឆ្ងាយបានប្រើប្រាស់និងធ្វើពិធីបុណ្យផ្សេងៗនៅក្នុងវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា និងសុខសុវត្ថិភាព។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណ និងអរព្រះគុណជាអនេកដល់ព្រះមន្ត្រីសង្ឃ ព្រះអនុគណស្រុកស្ទោង លោកតាអាចារ្យគណៈកម្មការ ញាតិញោមពុទ្ធបរិស័ទព្រមទាំងថ្នាក់ដឹកនាំធនាគារ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យឯកជននានា ដែលមានសទ្ធាជ្រះថ្លាក្នុងការរួបរួមសហការ ចូលរួមឧបត្ថម្ភបច្ច័យនិងការចូលបុណ្យជាមួយអង្គកឋិនរបស់រដ្ឋបាលស្រុកស្ទោង ដើម្បីវេរប្រគេនព្រះសង្ឃនៅពេលនេះដែលមានត្រៃ១ ព្រមទាំងបរិក្ខានិងបច្ច័យ១៦,០៧៦,០០០រៀល។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក៏មានការចែកនូវសម្ភារសិក្សាព្រមទាំងថវិកាមួយចំនួនដល់សិស្សានុសិស្ស២៥០នាក់ ក្នុង១នាក់ទទួលបាននូវ÷ ប៊ិច២ដើម សៀវភៅ២ក្បាល និងថវិកា៣,០០០ពាន់រៀលផងដែរ។រដ្ឋបាលស្រុកស្ទោង ពិនិត្យដោយអ៊ុមញឹប។