បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំប្រុងប្រៀបការរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបលើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងខួបអនុស្សាវរីយ៍លើកទី៧១ នៅថ្ងៃ កំណើតកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិ យាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការប្រើប្រាស់កម្លាំងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិប្រជាជនកម្ពុជា ក្នុងខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងផែនការប្រើប្រាស់កម្លាំងចូលរួមពិធីមិទ្ទីងអបអរ សាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់ថ្នាក់នៅមូលដ្ឋាន ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាព។ ជាមួយនោះត្រូវរៀបចំកងកម្លាំងចូលរួមក្នុងពិធីដ៏មានអត្ថន័យសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ នៅថ្នាក់ខេត្ត ឱ្យមានភាពអធិកអធម និងប្រកបដោយការដឹងគុណចំពោះកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញ ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ។
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករកំពង់ធំ បានថ្លៃងនូវការគោរពដឹកគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍កន្លងមកនៅឆ្នាំ១៩៩៨ ។ ហើយបច្ចុប្បន្ននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដឹកនាំនាវាសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។