ពិធីចុះអនុស្សរណៈ សុឆន្ទៈ ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាខេត្ត យ្យងសាងប៊ុកជូ នៃសាធារណៈរដ្ឋកូរ៉េ
(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចុះអនុស្សរណៈ សុឆន្ទៈ ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាខេត្ត យ្យងសាងប៊ុកជូ នៃសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ផាក សុងមែន ប្រធានក្រុមប្រឹក្សាខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ នៅសាលប្រជុំសាលាខេត្ត។
ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍទៅវិញទៅមក ព្រមទាំងបានយល់ព្រមឯកភាពគ្នាដូចខាងក្រោម៖
*១. ភាគីទាំងពីរប្តេជ្ញាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមិត្តភាព ដោយគោររពតាមគោលការណ៍ នៃការទទួលស្គាល់ទៅវិញទៅមក និងសមភាព។
*២. ភាគីទាំងពីរត្រូវគាំទ្រយ៉ាងសកម្ម នូវទម្រង់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើវិស័យនានា រួមមាន៖ វិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល ពន្លត់អគ្គីភ័យ កសិកម្ម និងគម្រោង ចលនាភូមិថ្មី (Saemaul Undong) ក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងវិបុលភាពទៅវិញទៅមក។
*៣. ភាគីទាំងពីរត្រូវលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនិស្សិតរវាងសាកលវិទ្យាល័យ ដែលបានចុះបញ្ជី នៅក្នុងយុត្ថាធិការរៀងៗខ្លួន និងធ្វើការឆ្ពោះទៅរកការធានាឱ្យមានស្ថេរភាពនៃការផ្គត់ផ្គង់ និងការ ផ្លាស់ប្តូរកម្លាំងពលកម្ម។
*៤. ដើម្បីកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ ភាគីទាំងពីរត្រូវបណ្តុះទំនាក់ទំនងមិត្តភាព និង ចូលរួមនៅក្នុងដំណើរទស្សនកិច្ចទៅវិញទៅមកជាទៀងទាត់។
អត្ថបទ រិទ្ធី, រូបភាព ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។