អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់គ្រួសារទីទ័លក្រ
(កំពង់ធំ )÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដូច្នេះក្នុងឱកាសដែលលោក ព្រមទាំងសហការីអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ៥គ្រួសារ និងចូលរួមបុណ្យសពគ្រួសារក្រីក្រម្នាក់នៅក្នុងភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ ដែលសឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកបានណែនាំដល់ពុក ម៉ែបងប្អូន ប្រជាពលរដ្ឋ និងអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់ជាពិសេស មិនត្រូវបណ្ដែតបណ្ដោយនិងទុកកុមារ ឬកូនចៅ តូចៗឱ្យនៅផ្ទះតែឯងឬទៅសាលារៀនដោយពុំមានមនុស្សចាស់នៅមើលថែឬជូនទៅជាមួយនោះឡើយ ព្រោះអាចបង្ករជាហានិភ័យផ្សេងៗឬក៏លិចលង់ជាយថាហេតុបាន។
លើសនេះលោក បានជំរុញដល់ប្រជាពលរដ្ឋ ប្រសិនបើពួកគាត់មានបញ្ហាស្បៀងអាហារឬសេវាផ្សេងៗសូមអញ្ជើញទាក់ទងអោយបានបន្ទាន់ទៅមេភូមិឬរដ្ឋបាលឃុំដើម្បីបានសម្របសម្រួលនិងជួយដោះស្រាយឱ្យបានទាន់ពេលវេលា
និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា គ្រួសារទាំង៥ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០២យួរ ហើយគ្រួសារសពទទួលបាននូវបន្លុងមួយឈុតនិងបច្ច័យ៣៣ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។