ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ជួបសំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់ ភូមិ នាយក លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស(A) នៅវិទ្យាល័យស្ទឹងសែន
(កំពង់ធំ )÷ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ជាអនុប្រធានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងលោកជំទាវ ឈីវ ភារម្យ បានជួបសំណេះសំណាលជាមួយលោកនាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងសិស្សជាប់ជ័យលាភីនិទ្ទេស(A)២នាក់ នៅវិទ្យាល័យស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទើបប្រឡងជាប់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ និងមានពិធីដង្ហែក្បួនដើម្បីអបអរសាទរដល់សិស្សដែលបានប្រឡងជាប់និទ្ទេសA នៅក្នុងសង្កាត់ស្រយ៉ូវទាំងមូល។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ព្រះចៅអធិការវត្តក្តីអណ្តែត ប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/សង្កាត់ លោកមេឃុំ/ចៅសង្កាត់ លោក ធន ធុង នាយកសាលាវិទ្យាល័យ ស្ទឹងសែន លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិក្សានុសិស្សប្រមាណជាង៣០០នាក់។
លោក ធន ធុង នាយកសាលាវិទ្យាល័យ ស្ទឹងសែន បានលើកឡើងពីស្ថានភាពទូទៅឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះគឺ សាលាមាន អគារសិក្សា៦ខ្នង ចែកជា៣១បន្ទប់(ដកធ្វើទីចាត់ការ២បន្ទប់ ដកធ្វើបន្ទប់ផ្សេងៗ៧បន្ទប់)។ បុគ្គលិកមានចំនួន៦៦នាក់ស្រី៣៣នាក់ សិស្សមធ្យមសិក្សាបឋមភូមិមានចំនួន៧០៩នាក់ ស្រី៣៦៣នាក់ សិស្សមធ្យមសិក្សាទុតិយភូមិមានចំនួន៦៨១នាក់ ស្រី៤២០នាក់ សរុបរួម មានចំនួន១.៣៩០នាក់ ស្រី៧៨៣នាក់ ចំពោះដីសាលាបណ្តោយមានប្រវែង៥២០ម៉ែត្រ និងទទឹង២២៧.៩ម៉ែត្រ។
ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងពីមោទនភាពក្រៃលែង និងអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យលាភីដែលដែលក្មួយៗទើបប្រឡងជាប់បាក់ឌុប ជាពិសេសគឺក្មួយៗ ដែលទើបទទួលបាននិទ្ទេសA២នាក់ ដំបូងបង្អស់របស់វិទ្យាល័យស្ទឹងសែន នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ឯកឧត្តមបានផ្ដល់កុំព្យូទ័រ ម្នាក់១គ្រឿងនិងថវិកាមួយចំនួនដល់អ្នកទទួលបាននិទ្ទេសA ព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បេក្ខជនផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្ដែង។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានជំរុញបន្ថែមដល់ប្អូនៗទាំងអស់ដែលទើបប្រឡងជាប់បាក់ឌុប សូមបន្តជ្រើសរើសចូលរៀននៅមហាវិទ្យាល័យទៅតាមចំណង់ចំណូលចិត្ត ព្រោះមានតែចំណេះដឹង និងឯកទេសវិជ្ជាជីវៈ បំណិនជីវិតច្បាស់លាស់ទេ ទើបនាំឱ្យខ្លួនឯងក៏ដូចជាគ្រួសារ និងប្រទេសជាតិ មានអនាគត មានការរីកចម្រើនពិតប្រាកដ ដែលសិក្សានុសិស្សទាំងអស់បានខិតខំសិក្សារៀនសូត្រកន្លងមក។ សូមក្មួយៗទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យមានការបាត់បង់ដល់អាយុជីវិត។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា សិស្សដែលជាប់ជ័យលាភីនិទ្ទេស (A)២នាក់មានឈ្មោះ÷ ១. ឈ្មោះ ខេង លីណា ភេទស្រី រស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ២.ឈ្មោះ ហុន ហ្វ៉ីលីប ភេទប្រុស រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះក៏បានទទួលនូវ÷ អង្ករ១បេ និងថវិកាមួយចំនួនពីឯកឧត្តម និងលោកជំទាវផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។