សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ទ្រង់យាងពិនិត្យវឌ្ឍនភាពការងារពុទ្ធិកសិក្សាខេត្តកំពង់ធំ នៅសាលាពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមីកំពង់ធំ
(កំពង់ធំ)÷ ថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥
សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក អមព្រះរាជដំណើរដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះអគ្គាធិការរង អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃមួយចំនួនផ្សេងៗទៀត ទ្រង់បន្តយាងពិនិត្យវឌ្ឍនភាពការងារពុទ្ធិកសិក្សាខេត្តកំពង់ធំ នៅសាលាពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមីកំពង់ធំ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ស្ថិតក្នុងវរោកាសនោះផងដែរ សម្តេចជាអម្ចាស់ទ្រង់ បានសាកសួរសុខទុក្ខកោតសរសើរ ក្រើនរំលឹកណែនាំ និងលើកទឹកព្រះទ័យចំពោះ ព្រះមេគណ ព្រះមន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទូទាំងខេត្តកំពង់ធំទាំងមូលសូមឱ្យបន្តយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដោយផ្តោតទៅលើគុណភាពជាគោល កុំយកតែបរិមាណ និងត្រូវប្រកាន់ខ្ជាប់នូវព្រះវិន័យ ដែលជាគ្រឿងលម្អរបស់សមណសក្យបុត្ត។
សម្តេចជាអម្ចាស់ទ្រង់មានព្រះរាជបន្ទូលថា ប្រទេសជាតិរីកចម្រើនអាស្រ័យលើមេដឹកនាំ និងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ព្រះពុទ្ធសាសនាស្ថិតស្ថេរគង់វង្សទៅបាន អាស្រ័យលើសាវ័កគោរពប្រតិបត្តិវិន័យបានខ្ជាប់ខ្ជួន។ សូមថ្វាយព្រះពរសម្តេចជាអម្ចាស់ សូមមាននូវ ព្រះជន្មយឺនយូរព្រះរាជសុខភាពល្អបរិបូរណ៍ គង់ប្រថាប់ជាម្លប់ សម្រាប់ដឹកនាំ វិស័យព្រះពុទ្ធសាសនាឱ្យមានការរុងរឿងតរៀងទៅ។
ក្នុងនោះសម្តេចម្ចាស់បានប្រគេន-ជូនបច្ច័យ ដល់គណគ្រប់គ្រងសាលា និងបានប្រគេនបច្ច័យសម្រាប់ទ្រទ្រង់សាលា និងប្រគេនសមណសិស្សគង់សិក្សារៀនសូត្រក្នុងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំចំនួន២២៥អង្គ សរុបបច្ច័យចំនួន ១១,៥០០,០០០រៀលផងដែរ។
គួររំលឹកផងដែរថាសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ទ្រង់យាងបំពេញព្រះរាជបេសកកម្ម សាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនដល់គ្រួសារកងទ័ព នាយទាន នាយទាហានរង និងពលទាហាន ដែលឈរជើននៅសមរភូមិមុខ តាមបណ្តាខេត្តមួយចំនួនដែលមានព្រំដែន ជាប់ប្រទេសថៃ អស់រយៈពេល២យប់៣ថ្ងៃ។ អត្ថបទលោក ស ចាន់-ពិនិត្យដោយអ៊ុមញឹប។