ឯកឧត្តមវេជ្ជបណ្ឌិតអនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការអនុវត្តសកម្មភាពគម្រោងកាត់បន្ថយហានិភ័យ ជំងឺមិនឆ្លងនៅកម្ពុជា
(កំពង់ធំ)÷ ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការអនុវត្តសកម្មភាពគម្រោងកាត់បន្ថយហានិភ័យ ជំងឺមិនឆ្លងនៅកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ លោកស្រីក្រុមការងារនាយកដ្ឋានសុខភាពសិក្សា និងក្រុមការងារមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក និងអង្គការហេលែន ខេលល័រអន្តរជាតិ និងលោកនាយកសាលា៤០សាលាផងដែរ។
ជាមួយគ្នានេះផងដែរលោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ បានបញ្ជាក់ថាសម្រាប់ខេត្តកំពង់ធំ យើងបានអនុវត្តនៅ៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។
ថ្លែងក្នុងកម្មវិធីនេះលោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងពីការរៀបចំ និងបង្កើតឱ្យមានក្រុមប្រឹក្សាកុមារ និងយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា ដើម្បីចូលរួមបម្រើដល់ការងារសង្គម។ ពង្រឹងលើការងារអប់រំក្រៅប្រព័ន្ធ តាមរយៈការអនុវត្តកម្មវិធីថ្នាក់ចូលរៀនឡើងវិញ ពីកម្មវិធីសមមូលបឋមសិក្សា កម្មវិធីអក្ខរកម្ម កម្មវិធីបង្កើនប្រាក់ចំណូល កម្មវិធីក្រោយអក្ខរកម្ម និងកម្មវិធី បំពេញវិជ្ជា។ ជាមួយគ្នានេះមន្ទីរ ក៏បានពង្រឹង និងជំរុញលើការងារអប់រំកាយ និងកីឡា ដោយបានរៀបចំ និងចូលរួមក្នុងការប្រកួតកីឡានានា ការរៀបចំឱ្យមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទ ព្រមទាំងផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់មហាជនឱ្យចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាព ស្របតាមពាក្យស្លោក « ប្រជាជនម្នាក់ លេងកីឡាឱ្យបានមួយប្រភេទកីឡា» ។
ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ បានមានប្រសាសន៍ថា កិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តសកម្មភាពគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លង ជាមួយលោក លោកស្រីនាយក នាយិកាសាលារៀនគោលដៅទាំង៤០នាពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីបានបង្ហាញពីវឌ្ឍនភាពសំខាន់ៗ ដែលសាលារៀនបានសហការជាមួយអង្គការហេឡែន ខែលល័រអន្តរជាតិ ក្នុងការលើកកម្ពស់សុខុមាលភាពដល់កុមារ បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាព និងទិសដៅបន្ត ពិសេសពីផែនការត្រៀមនៅពេល គម្រោងសកម្មភាពរបស់អង្គការត្រូវបានបញ្ចប់។ ជាមួយគ្នានោះឯកឧត្តមវេជ្ជបណ្ឌិតបានលើកឡើងពីស្ថានភាពជំងឺដែលកំពុងកើនឡើងយ៉ាងច្រើននៅកម្ពុជា គឺជំងឺមិនឆ្លង មានជំងឺបេះដូង លើសម្ពាធឈាម ពិសេសជំងឺទឹកនោមផ្អែម វាបានកើតឡើងពេលរាងកាយមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ជំងឺមហារីក មានប្រភេទជាច្រើនគឺ(មហារីកសួត មហារីកថ្លើម មហារីកសុដន់ និងមហារីកមាត់ស្បូន)។ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺសួតរ៉ាំរ៉ៃ និងហឺត ដែលពាក់ព័ន្ធនឹងការជក់បារី និងការបំពុលខ្យល់។ ជំងឺធាត់លើសទម្ងន់ ជាហានិភ័យធំសម្រាប់ជំងឺផ្សេងៗ ទឹកនោមផ្អែម និងជំងឺបេះដូង។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់ លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់ ពីហានិភ័យនៃជំងឺមិនឆ្លង និងចូលរួមទប់ស្កាត់បានកាន់តែប្រសើរឡើងថែមទៀត។ សហគមន៍ចូលរួមក្នុងការតាំងពិព័ណ៌សាលារៀនយ៉ាងផុលផុស និងប្រកបដោយមោទនភាព
គ្រប់អ្នកពាក់ព័ន្ធមានការចូលរួម និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការអប់រំទប់ស្កាត់លើសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន។ ប្រជាពលរដ្ឋចូលរួមធ្វើលំហាត់ប្រាណរួមគ្នា ប្រកបដោយភាពសប្បាយរីករាយ និងចូលរួមធ្វើតេស្តជាតិស្ករ និងវាស់សម្ពាធឈាម និងទទួលការប្រឹក្សាពីលោកគ្រូពេទ្យមកពីមណ្ឌលសុខភាព។ មានកិច្ចសហការល្អពីរវាងម្ចាស់គម្រោងនិងថ្នាក់មន្ទីរ ថ្នាក់ការិយាល័យ មណ្ឌលសុខភាព អាជ្ញាធរនិងប្រជាពលរដ្ឋ កែប្រែបរិស្ថានសាលារៀនដោយគិតពីផាសុកភាព និងសុវត្ថិភាព។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យអ៊ុមញឹប។
















![]()
