ឧត្ដមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងពង្រឹងភារកិច្ចកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងការពារតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលតំបន់អូរសោម ឃុំដងកាំបិត ស្រុកសណ្តាន ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក ប្រេស ឈុនឡៃ នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានទីបញ្ជាការស្រាល ប្រចាំការនៅតំបន់អូរសោម ឃុំដងកាំបិត ស្រុកសណ្ដាន់ និងលោកអនុសេនីយ៍ត្រី ឈួន រ៉ុម អនុប្រធានទីបញ្ជាការស្រាល ប្រចាំការនៅទីបញ្ជាការស្រាលតំបន់អូរឃ្មង ឃុំសុចិត្រ ស្រុកសណ្តាន ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងទៅ ពិសេសនៅមុនពេលចូលឆ្នាំ ក្នុងពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ កងកម្លាំងរបស់យេីង បានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ មិនឲ្យមានការកេីតឡេីង នូវការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ តំបន់អូរសោម និងតំបន់អូរឃ្មង ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាភូមិសាស្រ្តទទួលខុសត្រូវបានឡើយ ។ ជាមួយនេះដែរ ព្រៃឈើដែលបានដកហូតពីការលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវបានព្រៃឈើធម្មជាតិដុះលូតលាស់ឡេីងវិញហើយ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយេីងកន្លងទៅនេះ បងប្អូនមិនមានពេលឈប់សម្រាកមកជួបជុំក្រុមគ្រួសារឡើយ ព្រោះនៅក្នុងឱកាសនេះ ជាពេលវេលាដែលសមត្ថកិច្ចជំនាញត្រូវបានឈប់សម្រាក ហេីយជនល្មេីសតែងតែឆ្លៀតយកឱកាសនេះ ដេីម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ ដែលមានភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវអនុវត្តន៍ឲ្យទទួលបានជោគជ័យនូវបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំ ណែនាំដោយផ្ទាល់របស់ឯកឧត្ដមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយត្រូវសហការជាមួយអាជ្ញាធរដែនដី កងកម្លំាងប្រដាប់អាវុធទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ ដេីម្បីបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ការពារឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងការកាប់ដឹកជញ្ជូនឈើដោយខុសច្បាប់បានទៀតឡើយ ។ ជាមួយនេះដែរ ត្រូវសហការស្រាវជ្រាវមេខ្លោង និងជនដែលប្រព្រឹត្តបទល្មើសព្រៃឈើដែលមិនរៀងចាល ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡេីយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ ឧបត្ថម្ភជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅទីបញ្ជាការស្រាល នៅតំបន់អូរសោម ឃុំដងកាំបិត និងតំបន់អូរឃ្មង ឃុំសុចិត្រ ស្រុកសណ្តាន ខេត្តកំពង់ធំ ដេីម្បីបន្តសកម្មភាពការពារតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ឲ្យទទួលបានជោគជ័យ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
