ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពង្រាយកងកម្លាំងប្រមាណ ១,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសទាន់ពេលវេលា ធានាសុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
រាត្រីថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹក
នាំកងកម្លាំង ចុះត្រួតពិនិត្យសភាពការណ៍ រួម ក្នុងបរិវេណប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបាន
អញ្ជើញចូលរួមទស្សនាកម្សាន្ត តាមកម្មវិធីសប្បាយភាពនានាដើម្បីបង្កបរិយាកាស ។
តាមបណ្ដាគោលដៅនីមួយៗ ទូទាំងខេត្ត ត្រូវបានបញ្ចុះកងកម្លាំងប្រចាំការ ល្បាត និងត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ តាមតម្រាយផ្លូវជាតិ ពង្រាយកងកម្លាំង ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ របស់អ្នកធ្វើដំណើរ ដោយឥរិយាបថសុភាពរៀបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ក្នុងការប្រាស្រ័យទាក់ទងជាមួយមហាជន ផ្ដល់ភាពកក់ក្ដៅ ដល់មហាជន ដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ។
សូមបញ្ជាក់ដែរថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០ គ.ស ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់កម្លាំងនគរបាលចំនួន ១,៣២៩នាក់, ឡានសារ៉ែនចំនួន ១២គ្រឿង, រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង, រថយន្តសង្គ្រោះចំនួន ០២ គ្រឿង, ម៉ូតូប្រដេញចំនួន ០៦គ្រឿង, វិទ្យុទាក់ទងចំនួន ៧៥០ គ្រឿង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម ទីកម្សាន្តសប្បាយភាពនានា៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។
























![]()
