លោក សាយ គឹមឡម បានលើកទឹកចិត្តដល់លោកអាចារ្យ គណៈកម្មការ និងព្រះគ្រូចៅអធិការវត្ត ត្រូវកសាងអភិវឌ្ឍវត្តអារាមឱ្យបានល្អបែបវប្បធម៌សាសនា និងទេសចរណ៍
(កំពង់ធំ)៖ លោកអភិបាលស្រុកស្ទោងបានធ្វើការលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងសប្បុរសជនបានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែរបូសម្ពោធដាក់ឱ្យប្រើប្រាស់ ពុទ្ធស្ថាន ស្ថិតនៅក្នុងវត្តក្តីស្រង៉ែ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលឈរក្រោមចក្ខុវិស័យ និងប្លង់អភិវឌ្ឍបានច្បាស់លាស់ និងធ្វើឱ្យវត្តអារាមកាន់តែមានសោភ័ណភាពជាមួយនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសួនច្បារចម្រុះពណ៌ ដើមឈើប្រណីតៗ រុក្ខជាតិពណ៌បៃតងដែលជាផ្នែកមួយនៃសោភ័ណភាព និងការលើកកម្ពស់បរិស្ថានជាពិសេស ជាចំណែកមួយនៃទេសចរណ៍ ជាការទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយថែមទៀត។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសហការសាមគ្គីគ្នារវាងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយព្រមទាំងលោកគ្រូចៅអធិការ អាចារ្យគណៈកម្មការ ដែលបានរួបរួមសហការសាមគ្គីគ្នាកសាងនូវសមិទ្ធផលនានាព្រមទាំងពុទ្ធស្ថាននៅក្នុងឱកាសនេះសម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនានិងជាសម្បត្តិរួមសម្រាប់គោរពប្រនិបត្តិតរៀងទៅ។
លើសពីនេះ លោកបានសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម នៃស្រុកស្ទោងទាំងមូលក៏ដូចជាខេត្តកំពង់ធំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ ជាពិសេសគម្រោងវារីវប្បកម្មស្ថិតនៅក្នុងឃុំចំណាលក្រោមលើផ្ទៃដីប្រមាណ ៣.០០០ហិកតា ដែលនឹងជួយបង្កើតកម្លាំងពលកម្មដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់ជីវភាពពលរដ្ឋបានមួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក និងសហការីបានចូលរួមបច្ច័យបុណ្យចំនួន១លាន៦៦ម៉ឺននិង១០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។











![]()
