អធិការដ្ឋាននគរបាលស្រុកស្ទោង បានឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីឃាតកម្ម
(កំពង់ធំ)៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណាអធិការនគរបាលស្រុកស្ទោង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្សាក្រង និងឃុំកំពង់ចិនជើង ចុះស្រាវជ្រាវករណីឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យ១នាក នៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។
លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានលើកឡើងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩និង១០នាទីព្រឹក មានករណីឃាតកម្មស្ថិតនៅចំណុចភូមិសំប៉ាន ឃុំម្សាក្រង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ រី រន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុដោយសារគំនុំចោទជនរងគ្រោះ ពីបទធ្វើអំពើធ្មប់ទៅលើខ្លួន។
លោកអធិការ បានបន្ថែមថា បន្ទាប់ពីបានដំណឹង លោកបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនជើង ឡោមព័ទ្ធផ្ទះជនសង្ស័យនៅចំណុចភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោង និងដកហូតពូថៅដែលជាវត្ថុតាង របស់ជនសង្ស័យប្រើប្រាស់ ដើម្បីធ្វើឃាតជនរងគ្រោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងជំនាញឃាត់ទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកោសល្យវិច្ឆ័យរួច សមត្ថកិច្ចបានប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។




![]()
