អភិបាលខេត្តកំពង់ធំថ្លែងថា” មានផ្លូវមានក្តីសង្ឃឹម” សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងថា “មានផ្លូវគឺមានក្តីសង្ឃឹម”សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងក្នុងពិធីសម្ពោធផ្លូវបេតុង១ខ្សែ នៅភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ២០២៦។
ឯកឧត្តមបានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទោះបីជាសម្តេចមមាញឹកក្នុងកិច្ចការប្រទេសជាតិក៏ដោយក៏អភិវឌ្ឍន៍នៅតែបន្តជានិច្ចគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ ។
ឯកឧត្តមបានបន្តទៀតថាផ្លូវគីជាសរសៃឈាមយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីទីកន្លែងមួយទៅកាន់ទីកន្លែងផ្សេងទៀត ហើយមិនតែប៉ុណ្ណោះវាជាបេះដូងយ៉ាងសំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល ដែលមិនអាចកាត់ផ្តាច់គ្នាបានឡើយ សំរាប់ខេត្តកំពង់ធំផ្លូវត្រូវបានស្ថាបនាឡើងស្ទើរគ្រប់ទីកន្លែងទាំងផ្លូវកៅស៊ូនិងផ្លូវបេតុងដែលជាភាពងាយស្រួលនិង ជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រជាកសិករកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តមបន្តទៀយថាជាក់ស្តែងនៅស្រុកសន្ទុកការអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ផ្សេងទៀតកំពុងដំណើរការទៅមុខជាក់ស្តែងដូចជាផ្លូវ១ ខ្សែនេះពិតជាមានសារសំខាន់ចំពោះបងប្អូនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកសិផលផ្សេងៗពិសេសអាចឲ្យលោកយាយលោកតា បងប្អូនបានធ្វើលំហាត់ប្រាណជួយដល់សុខភាពកាន់តែប្រសើរឡើង។
ឯកឧត្តមជំរុញឱ្យបងប្អូនទាំងអស់គ្នាត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ថែរក្សាសុខភាពឲ្យបានល្អ ពិសេសថែរក្សាផ្លូវឲ្យបានល្អដើម្បីសហគមន៍យើង។ ចំពោះបញ្ហាព្រំដែនកម្ពុជាថ្នាក់ដឹកនាំ កំពុងតែធ្វើការយ៉ាងសកម្ម ទាំងផ្នែកការទូតនិងការគ្រប់គ្រងកំលាំងទ័ពនៅសមរភូមិមុខ ហើយអ្វីដែលយើងត្រូវធ្វើគឺការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ទើបយើងខ្លាំង សេដ្ឋកិច្ចយើងរឺងមាំ ពីព្រោះសៀមវាកំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់យើង ខណៈពេលដែលពិភពលោកកំពុងតែច្របូកច្របល់។
សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែនេះមានប្រវែង ២៦៨០ ម៉ែត្រ ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ ឯកឧត្ដម ញ៉ែម ប៊ុនថា និងលោកជំទាវ អ៊ុន វឌ្ឍនី ព្រមទាំងបុត្រា បុត្រី ៕














![]()
