រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបិទសង្ក្រាន្តកំពង់ធំនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមមានប្រមាណ៩០.០០០នាក់
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានតុបតែងលម្អមានកន្លែងជាច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និងថតរូបជាអនុស្សាវរីយ៍ជាច្រើនកន្លែង។ ក្នុងនោះស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ដៀប ពីរីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបង្ហាញពីការសប្បាយរីករាយនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី៣ នៅខេត្តកំពង់ធំ បងប្អូនប្រជាពលរដ្ឋយើងចូលលេងកម្សាន្តមានល្បែងដូចជា ប្រដាល់បិទមុខ ឡើងសរសខ្លាញ់ ទូលក្អម ទាញព្រាត់ បោះអង្គុញ បោះឈូង លាក់កន្សែង តំបន់ត្រជាក់ ការប្រគំតន្ត្រីរាំលេងកម្សាន្ត ពិធីស្រង់ព្រះ និងបណ្ដែតប្រទីបនិងបង្ហោះគោម ដើម្បីបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបាននាំបងប្អូនប្រជាពលរដ្ឋចូលលេងយ៉ាងសប្បាយរីករាយពុំមានបង្កអសន្តិសុខនោះឡើយ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ គឺបានការពារជូនបងប្អូនប្រជាពលរដ្ឋដោយសុវត្ថិភាព ពុំមានការកកស្ទះសម្រាប់ការធ្វើដំណើរដោយរលូន ដោយមានការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ នៅតាមគោលដៅរៀងៗខ្លួន។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានសរុបប្រមាណ២១៩.៩៨៨នាក់ ភ្ញៀវជាតិចំនួន២១៩.៨៩៩នាក់ ភ្ញៀវបរទេសចំនួន៨៩នាក់
ដែលក្នុងនោះរួមមាន÷ ភ្ញៀវទេសចរទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ៥.១៥២នាក់ ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងសង្រ្កាន្តនៅក្រុងស្ទឹងសែនមានប្រមាណ៩០.០០០នាក់ ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារ៉ាមចំនួន២៩៧(មហានិកាយ ២៩៣ ធម្មយុត្តិ ០៤) មានប្រមាណ១២៤.៨៣៧នាក់ផងដែរ។
សរុបរយៈពេលបីថ្ងៃស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សរុបប្រមាណ៥៥២៧៥៤នាក់។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។