អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធត្រូវតែអនុវត្តនូវគោលការណ៍៧ចំណុច ដើម្បីឱ្យអង្គភាពទទួលបានភាពជោគជ័យ
(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធត្រូវតែអនុវត្តនូវគោលការណ៍៧ចំណុច ដើម្បីឱ្យអង្គភាពទទួលបានភាពជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តការងារឱ្យបានល្អប្រសើរ។
ឯកឧត្តម ហាន កុសល បានមានប្រសាសន៍ជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំប្រាសាតោ នៃរដ្ឋបាលខេត្តកំពង់ធំ។
ឯកឧត្តមអភិបាលរងខេត្ត បានដាក់នូវគោលការណ៍ ៧ចំណុច ដើម្បីឱ្យមន្ទីរអង្គភាពទទួលបានជោគជ័យរួមមាន÷ ១.ភាពជាអ្នកដឹកនាំ មានសមត្ថភាពក្នុងការដឹកនាំ បញ្ជូនទិសដៅ និងបំផុសគំនិតឱ្យមនុស្សផ្សេងៗ ធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅមួយដូចជា ក្នុងសាលា កន្លែងការងារ ឬសង្គមជាតិ។ ២.ការគ្រប់គ្រងស្ថាប័ន ជាដំណើរការនៃការរៀបចំ ដឹកនាំ និងត្រួតពិនិត្យធនធាន (មនុស្ស ថវិកា ព័ត៌មាន និងបច្ចេកវិទ្យា) ដើម្បីឱ្យស្ថាប័នសម្រេចគោលដៅបានឱ្យមានប្រសិទ្ធភាព។ ៣.ការផ្ដល់សេវា ជាដំណើរការដែលស្ថាប័ន ឬអង្គការ ផ្តល់សេវាដល់អតិថិជន ឬប្រជាជន ដើម្បីបំពេញតម្រូវការ និងបង្កើតការពេញចិត្តដើម្បីសម្រេចកិច្ចការនៅក្នុងអង្គភាព។ ៤.សមត្ថភាពនៃការបង្កើតថ្មី នៅតែមានសមត្ថភាពក្នុងការបង្កើតគំនិតថ្មីៗ ឬធ្វើអ្វីៗឱ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហា ឬបំពេញតម្រូវការថ្មីៗ។ ៥.ការអភិវឌ្ឍសមត្ថភាពខ្លួនឯង បង្កើនឱ្យមានចំណេះដឹង ជំនាញ អាកប្បកិរិយា និងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីឱ្យក្លាយជាមនុស្សល្អប្រសើរឡើង និងសម្រេចគោលដៅជីវិត។៦.កិច្ចការងារដែលត្រូវធ្វើបន្ត គឺមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវតែរៀបចំប្រជុំប្រចាំត្រីមាស អង្គភាពពាក់ព័ន្ធត្រូវតែនាំសិស្ស-និស្សិត ទៅទស្សនកិច្ចនេះរមណីយដ្ឋានប្រាសាទសំបូរគុក និងតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ធំ។ មន្ទីរអប់រំ និងមន្ទីរធម្មការ.ត្រូវមានផែនការឱ្យព្រះសង្ឃផ្សព្វផ្សាយពីព្រះធម៌នៅតាមសាលារៀនមួយសប្តាហ៍ម្ដង។ ៧.កម្មវិធីលើកកម្ពស់សុខភាពតាមរយៈការបង្កើតឱ្យមានការប្រកួតបាល់ទាត់មួយសប្តាហ៍ម្ដង យ៉ាងតិចឱ្យបាន៣ក្រុម ដើម្បីឱ្យមន្ត្រីរាជការមានសុខភាពល្អ។
ឯកឧត្តម ហាន កុសល អភិបាលរងខេត្តក៏ុំ បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីរាជការដែលបានចូលរួមនៅក្នុងកម្មវិធីនេះ.ត្រូវយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទី/ភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចក្នុងផែនការប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១នេះ
លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធបានឡើងធ្វើបទបង្ហាញអំពី៖ ១-សមិទ្ធផលសំខាន់ៗ ២-បញ្ហាប្រឈមជាគន្លឹះ
៣-ដំណោះស្រាយ និងសំណូមពរផងដែរ។អត្ថបទលោក ធូ កែវមុន្នី -ពិនិត្យនិងកែសម្រួលអ៊ុមញឹប។



















![]()
