លោក ឃីម សុខឃាង កាត់ខ្សែបូរសម្ពោធឆ្លងមហាកុដិ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅវត្តសិរីមង្គល ហៅវត្តកំពង់ជ្វា
(កំពង់ធំ)៖ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងមហាកុដិព្រះចៅអធិការ ស្ថិតក្នុងវត្តសិរីមង្គល ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ។
ក្នុងឱកាសនោះ លោក ឌួង វិត តំណាងពុទ្ធបរិស័ទ បានធ្វើរបាយការណ៍សង្ខេបស្ដីពី មហាកុដិថ្មីនេះមានទំហំ ២២,៥ម៉ែត្រ គុណនឹង ៩,៤០ម៉ែត្រ ដែលបានចំណាយបច្ច័យសាងសង់សរុបចំនួន ១១៧,២៥៨ ដុល្លារអាមេរិក។ សមិទ្ធផលនេះកើតឡើងពីសទ្ធាជ្រះថ្លារបស់ឧបាសិកា ហេង វណ្ណថា (ហៅយាយគិន) ជាម្ចាស់ជំនួយធំ លោកស្រី សោម ស៊ីលាត និង លោក ស ឡងឌី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។
ឧបាសិកា ហេង វណ្ណថា ដែលជាម្ចាស់ជំនួយធំ ក្នុងទឹកមុខញញឹមស្រស់ស្រាយបានសម្ដែងនូវក្ដីរំភើបឥតឧបមា ដែលបានឃើញសមិទ្ធផលដែលខ្លួនបានផ្ដួចផ្ដើម ត្រូវបានបញ្ចប់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តសិរីមង្គល ហៅវត្តកំពង់ជ្វានេះ។ លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តជួយកសាងនូវសមិទ្ធផលនានាបន្ថែមទៀត ទាំងក្នុងវត្តអារាម និងក្នុងឃុំគោល តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាប្រយោជន៍ដល់សាធារណជន និងសង្គមជាតិ។
មានប្រសាសន៍ក្នុងពិធីនោះលោក ឃីម សុខឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ជាពិសេសឧបាសិកា ហេង វណ្ណថា ដែលបានលះបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងមហាកុដិនេះចេញជារូបរាងឡើង។ បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិថា៖«ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្រុកប្រាសាទសំបូររបស់យើងទទួលបានសមិទ្ធផលថ្មីៗជាច្រើន រួមមាន៖ ស្ពាន ថ្នល់ មណ្ឌលសុខភាព សាលារៀន បណ្ណាល័យ ប្រព័ន្ធធារាសាស្ត្រ និងបណ្តាញអគ្គិសនី រួមនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលកំពុងបម្រើដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។»
ជាចុងក្រោយលោកអភិបាលស្រុក បានផ្ដល់ដំបូន្មានដ៏មានតម្លៃដល់ក្មួយៗសិស្សានុសិស្សដែលបានចូលរួមថា៖១- ត្រូវធ្វើជាមនុស្សល្អខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋគំរូក្នុងសាលារៀន ក៏ដូចជាក្នុងសហគមន៍ ចៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងត្រូវបន្តណែនាំមិត្តភ័ក្តិ ក៏ដូចជាអ្នកជុំវិញខ្លួន ឱ្យចៀសផុតពីគ្រឿងញៀនដាច់ខាត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។






















![]()
