អភិបាលស្រុកតាំងគោក ណែនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ស្រុក រួមគ្នាលុបបំបាត់ឱ្យបានទាំងស្រុង រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុកតាំងគោក បានថ្លែងណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុកតាំងគោកទាំងអស់ ត្រូវរួមគ្នាលុបបំបាត់ឱ្យបានទាំងស្រុង រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងស្រុក ដោយបានអះះអាងថា វិធានការអនុវត្តច្បាប់គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត។
លោក ហាក់ ម៉ុងហួត បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ថ្នាក់ស្រុក ដើម្បីរួមគ្នារិះរកមធ្យោបាយ និងដាក់ចេញវិធានការសំខាន់ៗ ដើម្បីលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងស្រុក។
ថ្លែងក្នុងកិច្ចប្រជុំនេះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ឱ្យដឹងថា វិធានការអនុវត្តច្បាប់ គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ ការផ្គត់ផ្គង់គ្រឿងញៀន ដូច្នេះត្រូវធ្វើការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ។
លោក ហាក់ ម៉ុងហួត បានបញ្ជាក់ទៀតថា «ចាប់ពីពេលនេះតទៅគណៈកម្មាធិការគ្រឿងញៀនថ្នាក់ស្រុក ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
ជាមួយគ្នានោះ លោកអភិបាលបានសង្កត់ធ្ងន់ និងបានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ ត្រូវឈរលើស្មារតី «៣កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
បន្ថែមពីនេះ លោក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។










![]()
