លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ
(កំពង់ធំ)÷ រសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ ស្ថិតនៅគេហដ្ឋាន ចំនួន ០៤ គ្រួសារ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ឬជំងឺឈឺថ្កាត់ ត្រូវដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ដល់លំនៅដ្ឋានមន្ត្រីរូបនោះ
ដើម្បីផ្តល់ភាពកក់ក្តៅ ព្រមទាំងរំលែកនូវការលំបាក ដែលកើតមានឡើងលើបងប្អូន ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តថ្លែងថា ទោះបីជាមមាញឹកយ៉ាងណា ក្នុងនាមលោក ជាប្រធានអង្គភាព នៅពេលដែលទទួលដំណឹងមន្ត្រីជួបទុក្ខលំបាក លោកតែងតែដឹកនាំកងកម្លាំងចុះអន្តរាគមន៍ បានទាន់ពេលវេលា គឺមិនបោះបង់ចោលបងប្អូន នាគ្រាណាមួយឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានថ្លែងលើកទឹកចិត្ត ព្រមទាំងជូនពរ សូមឱ្យបងប្អូនឆាប់
មានសុខភាពល្អប្រសើរឡើងវិញ តាមរយៈការថែទាំសុខភាព មានអនាម័យរស់នៅស្អាត បរិភោគស្អាត
ពិសារឱសថ តាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងសម្រាកគ្រប់គ្រាន់ តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ដើម្បីឆាប់បានវិលត្រឡប់ បន្តចូលរួមចំណែកបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ
ក្នុងបុព្វហេតុ ជាតិមាតុភូមិ នៃព្រះរាជាណាចក្រ
កម្ពុជា ។
លោក ថោង ខេមរ៉េត តំណាងឱ្យមន្ត្រីទាំង ០៤ គ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនដល់មន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនាពេលនេះ។
គួរបញ្ជាក់ថា មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ ស្ថិតនៅគេហដ្ឋាន ចំនួន ០៤ គ្រួសារ រួមមាន÷
ទី១- លោកវរសេនីយ៍ឯក សៀក បាន នាយ
ការិយាល័យសុខាភិបាល (គ្រោះថ្នាក់ចរាចរណ៍)។
ទី២-លោកវរសេនីយ៍ឯក ចាក ច័ន្ទរ៉េត នាយ
ការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ មានជំងឺ (ទឹកនោមផ្អែម )។
ទី៣-លោកវរសេនីយ៍ឯក ថោង ខេមរ៉េត នាយ
ការិយាល័យរដ្ឋបាល មានជំងឺ (ត្បៀតសរសៃចង្កេះ )។
ទី៤-លោកវរសេនីយ៍ទោ អ៊ុក សុភារម្យ នាយរងការិយាល័យវិទ្យុទាក់ទង (ឈឺសន្លាក់) ។
អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។













![]()
