ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង លើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប
(កំពង់ធំ)÷ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោងលើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប លោក សាយ គឹមឡម បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាឃុំ នៃស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ការបង្កើតសមាគមនេះឡើងគឺជាគំនិតផ្ដួចផ្ដើមយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាការតបស្នងសងគុណយ៉ាងធំធេងបំផុតដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងដើម្បីសង្គមជាតិដ៏ស្រស់បំព្រងនៃយើង។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានលើកចិត្តបន្ថែមទៀតដល់លោកមេឃុំ និងប្រធានសមាគមគ្រប់រូបត្រូវ ខិតខំផ្តល់សេវា ជូនពលរដ្ឋ និងសមាជិកសមាជិកាអតីតយុទ្ធជន និងនិវត្តជនប្រកបដោយស្មោះភាពត្រង់ ស្និទ្ធស្នាល មានទំនួលខុសត្រូវខ្ពស់ ត្រូវបង្កើនគុណភាពប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសត្រូវគោរពពេលវេលា និងម៉ោងរដ្ឋបាលឱ្យបានជាក់លាក់បំផុត។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានជំរុញដល់កងកម្លាំងអធិការនគរបាលស្រុក និងសហការីព្រមទាំងអង្គភាព ពាក់ព័ន្ធត្រូវសិក្សាស្រាវជ្រាវស្រង់ស្ថិតិឱ្យបានជាក់លាក់នូវប្រជាពលរដ្ឋដែលបានប្រើប្រាស់លុយរាប់ក្រៅប្រព័ន្ធ ដើម្បីបានជាមូលដ្ឋានក្នុងការទប់ស្កាត់ភាពមិនប្រក្រតីនានាជាពិសេស ការរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាកូនបំណុល ដោយខុសច្បាប់ពីសំណាក់ម្ចាស់បំណុល។
លើសពីនេះទៀតលោកបាន ណែនាំដល់អាជ្ញាធរឃុំត្រូវពិនិត្យតាមដាន ដល់ស្ថានីយ៍ជញ្ជីងថ្លឹងស្រូវ និងទំនិញនានានៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានភាពមិនប្រក្រតី ជូនដល់រដ្ឋបាលស្រុក ឬស្ថាប័នអង្គភាពមន្ទីរជំនាញពាក់ព័ន្ធដើម្បីមានវិធានការ និងអន្តរាគមន៍ ជាពិសេសគឺជាការជួយលើកកម្ពស់សេដ្ឋកិច្ចកសិករ និងម្ចាស់កសិដ្ឋានផងដែរ។
ជាចុងបញ្ចប់ លោកអភិបាលស្រុកស្ទោង បានជំរាបពីបច្ចុប្បន្នភាពសង្គ្រាមនៅមជ្ឈិមបូព៌ា និងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាយើង ជូនសហការីនិងមន្ត្រីក្រោមឱវាទបានជ្រាបផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។













![]()
