មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់ ជនភៀសសឹក ក្នុងឱកាសអបអរសារទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅស្រុកសណ្តាន់
(កំពង់ធំ)៖ ពិធីសំណេះសំណាល សួរសុខទុក្ខដល់ជនភៀសសឹក ចំនួន ១១៤ គ្រួសារ ក្នុងឱកាសអបអរសារទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅស្រុកសណ្តាន់ ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ។
ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពីរ លោកសី្រ សុិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុក លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរកិច្ចការនារី និងស្រុកសណ្តាន់ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើនអ្នកផងដែរ។
ជាមួយគ្នានោះ លោកជំទាវ លំ គន្ធារី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ក្នុងការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជួយគាំទ្រ និងលើកទឹកចិត្តឱ្យបងប្អូនមានកម្លាំងចិត្ត បន្តជំនៈនូវឧបសគ្គនិង ការលំបាកនានា។
លោកជំទាវ បានបន្តថា ក្នុងឱកាសប្រារព្ធពិធីសំណេះសំណាល សួរ សុខទុក្ខ ដល់ជនភៀសសឹក ក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៦ នាពេលនេះ គឺក្រោមប្រធានបទ « សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ » ដែលរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
លោកជំទាវ បន្ថែមថា ការរក្សានូវសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋាន គ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន បើគ្មានសន្តិភាព គឺគ្មានអ្វីៗគ្រប់យ៉ាង ហើយសន្តិភាពកើតឡើងតាមរយៈការខិតខំរួមគ្នា និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ អតីតកាលដ៏ជូរចត់នៃការឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ បានបង្រៀនកម្ពុជាឱ្យស្គាល់តម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខរបស់សង្គមជាតិ។
លោកជំទាវ លំ គន្ធារី ក៏អំពាវនាវដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តសហការយ៉ាង ជិតស្និទ្ធក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ដែលលើកកម្ពស់សន្តិភាព សន្តិសុខ និងសមភាពសម្រាប់ស្ត្រី និងគ្រួសារ។ ត្រូវបន្តបង្កើតបរិយាកាសដែលគ្មានអំពើហិង្សា គ្មានការរើសអើង និងមានឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់រូប។
សូមបញ្ចាក់ផងដែរថា អំណោយដែលចែកជូនជនភៀសសិក ចំនួន ១១៤គ្រួសារ នៅពេលនេះបានមកពី លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន ឧត្ដមភរិយារបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្ត ក្នុងនោះលោកជំទាវបានឧបត្ថមថវិកា២ម៉ឺនរៀល ព្រមទាំងសាច់ផាត់មួយកញ្ចប់ក្នុង១គ្រួសារ និងមន្ទីរកិច្ចការនារីខេត្តឧបត្ថមថវិកា២ម៉ឺនរៀល អង្ករ១៥គីឡូ,ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ,អាវយឺត១ក្នុង១គ្រួសារ។សរុប១១៤គ្រួសារ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។













![]()
