បង្កើនការប្រុងប្រយ័ត្ន! គ្រូពេទ្យជំនាញ លើកឡើង អំពីហានិភ័យជំងឺផ្តាសាយបក្សី ក្រោយរកឃើញករណីថ្មី H5N1
កំពង់ធំ៖ នៅព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2026 លោកគ្រូពេទ្យ កឹម ប៊ុណ្ណា អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មាន វិទ្យុជាតិកំពង់ធំ លើកឡើង ជុំវិញក្រោយរកឃើញករណីថ្មី H5N1 ត្រូវបាន ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
លោកគ្រូពេទ្យបានបញ្ជាក់ថា ថ្មីៗនេះ មានករណីឆ្លងមួយករណីលើបុរសអាយុ 30 ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត។ ករណីនេះត្រូវបានរកឃើញ និងព្យាបាលទាន់ពេលវេលា ហើយអ្នកជំងឺបានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញ នៅពាក់កណ្ដាលខែខែកុម្ភៈ ឆ្នាំ 2026កន្លងទៅនេះ។
លោកគ្រូពេទ្យ កឹម ប៊ុណ្ណា បានបន្តថា យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងទិន្នន័យពី World Health Organization គិតចាប់ពីឆ្នាំ 1997 ដល់ឆ្នាំ 2025 ជំងឺផ្តាសាយបក្សី H5N1 បានកើតមាននៅបណ្តាប្រទេសមួយចំនួន ដូចជា អេស៊ីប ឥណ្ឌូនេស៊ី វៀតណាម ចិន និងសហរដ្ឋអាមេរិក។
ដោយឡែក សម្រាប់ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ 2026 មានករណីឆ្លងសរុប 91 ករណី និងស្លាប់ 52 ករណី ក្នុងនោះមានស្លាប់ 1 ករណី ក្នុងឆ្នាំ 2026 នេះ។
លោកគ្រូពេទ្យ កឹម ប៊ុណ្ណា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលចិញ្ចឹម ឬបរិភោគសត្វបក្សី ដូចជា មាន់ ទា និងសត្វបក្សីព្រៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ប្រសិនបើមានសត្វបក្សីឈឺ ឬងាប់ខុសប្រក្រតី សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលខេត្តជាបន្ទាន់ដើម្បីមន្ត្រីជំនាញមន្ទីរសុខាភិបាលនិងមន្ទីរកសិកម្មចុះធ្វើការអង្កេតនិងអន្តរាគមន៍បានទាន់ពេលវេលា។
ជាមួយគ្នានេះ ប្រសិនបើបងប្អូនមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក ឬពិបាកដកដង្ហើម ហើយមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់ សូមរួសរាន់ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលាឬទំនាក់ទំនងទៅលេខទូរស័ព្ទ១១៥ដើម្បីពិគ្រោះយោបល់បន្ថែម។
ចុងក្រោយមន្ត្រីជំនាញសុខាភិបាលរូបនេះ បានណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការអនាម័យឱ្យបានខ្ពស់ ដូចជា លាងដៃជាញឹកញាប់ជាមួយទឹកនិងសាប៊ូ ,បំបែកអាហារឆៅ និងអាហារឆ្អិនឱ្យដាច់ពីគ្នា និងចម្អិនសាច់សត្វបក្សី និងស៊ុតឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។
អត្ថបទ៖ លោក លន សុភា ត្រួតពិនិត្យ កែសម្រួលដោយ លោក ប៉ាត ពណ្ណរាយ










![]()
