រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីផែនការពង្រឹងអភិបាលកិច្ចអង្គភាព
(កំពង់ធំ)៖ ឯកឧត្តម ហ៊ីម លីម៉េង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីផែនការពង្រឹងអភិបាលកិច្ចអង្គភាព នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។
ឯកឧត្តមបានបញ្ជាក់ថាការពង្រឹងអភិបាលកិច្ចអង្គភាពមានគោលបំណងធ្វើឱ្យអង្គភាពមានសុខភាពល្អ ធានាបាននូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាបន្ន។ អង្គភាពដែលមានសុខភាពល្អ គឺជាអង្គភាពដែលដំណើរការមានប្រសិទ្ធភាព មានវប្បធម៌ ការដឹកនាំល្អ ប្រព័ន្ធការងារ និងបុគ្គលិកមានសមត្ថភាព។
លើសពីនេះទៀតយើងត្រូវមានគោលដៅយុទ្ធសាស្ត្ររៀបចំអង្គភាពឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានបរិស្ថានល្អ ការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង ពង្រឹងសមត្ថភាព និងវិន័យមន្ត្រីរាជការ បង្កើនតម្លាភាព និងការទប់ស្កាត់អំពើពុករលួយ លើកកម្ពស់ការចូលរួម និងការឆ្លើយតបរបបប្រជាពលរដ្ឋ ពង្រឹងការតាមដាន និងវាយតម្លៃលទ្ធផលការងារ។
ទន្ទឹមនេះ ក៏បានលើកឡើងអំពីគម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង OMS (Order Management System) ដែលបានរៀបចំឡើងដោយក្រសួងមហាផ្ទៃផង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីផងដែរ។
ឯកឧត្តម ហ៊ីម លីម៉េង សំណូមពរដល់ថ្នាក់ដឹកមន្ទីរអង្គភាព ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកមតិយោបល់ពីមន្ត្រីថ្នាក់ក្រោម ជាពិសេសត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំធ្វើការងារ ដោយផ្អែកលើលទ្ធផលការងារជាក់ស្ដែង។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ












![]()
