ឯកឧត្តម គង់ កៃដូ នាំអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាក្បិល
(កំពង់ធំ) ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកសម្ភារៈសិក្សា ដែលជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាក្បិល ដែលស្ថិតនៅភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងទៅកាន់សិស្សានុសិស្សឯកឧត្តម គង់ កៃដូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងសមានចិត្តដ៏ល្អផូរផង់ ព្រមទាំងក្តីស្រឡាញ់ដ៏ធំធេង របស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅកាន់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ ដើម្បីជាអំណោយដ៏ថ្លៃថ្លា ក្នុងឱកាស “ទិវាបុណ្យនៃក្តីស្រឡាញ់” ដែលបង្ហាញពីភក្តីភាព និងបេះដូងដ៏បរិសុទ្ធ ចំពោះកុមារាកុមារី ដែលជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងដ៏រឹងមាំរបស់ជាតិក្នុងពេលអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងក្រុមគ្រួសារ បានឧបត្ថម្ភអគារសាលាមត្តេយ្យសិក្សាចំនួន១ខ្នង មាន២បន្ទប់ ដើម្បីលើកកម្ពស់វិស័យអប់រំ ឱ្យសិស្សានុសិស្សដែលជាអ្នកស្នងមរតកជាតិ បានទទួលការអបរំ ប្រកបដោយ ផាសុកភាព និងសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីអនាគតភ្លឺថ្លា និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។










![]()
