លោកឧត្តមសេនីយ៍ទោ ហេង សុផល ជួបសំណេះសំណាល ជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល នៅសាលានគរបាលជាតិ ភូមិភាគ៤ ខេត្តសៀមរាប
(កំពង់ធំ)÷ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត សូមស្វាគមន៍ ចំពោះវត្តមាន ពុក ម៉ែបង ប្អូន អាណាព្យាបាល និងសូមចូលរួមអបអរសាទរ ចំពោះប្អូនៗ ទាំង ១៣១ រូប ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ថ្ងៃនេះដែរ លោក ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរ ប្អូនៗ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ ចំនួន ៥៧ នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាឱកាសនេះ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់អាណាព្យាបាលគ្រប់ក្រុមគ្រួសារ ដែលអនុញ្ញាតឱ្យបុត្រា បុត្រី ចូលបម្រើការងារ ជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានគូសបញ្ជាក់ថា រយៈពេលកន្លងទៅថ្មីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រមូលផ្តុំ កងកម្លាំងហ្វឹកហាត់ លំហាត់របៀប វិន័យកងជួរ និងមេរៀនខ្លីៗ ដល់ប្អូនៗ ទាំង ១៣១ រូប ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែកប្អូនៗ ដែលពុំទាន់បានបញ្ជូនទៅបណ្តុះបណ្តាល នៅសាលានគរបាលជាតិ ត្រូវបន្តហ្វឹកហាត់ នៅស្នងការដ្ឋាននគរបាលខេត្ត បន្តទៀត ។
បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដាំផ្ញើ ដល់ប្អូនៗ .ត្រូវគោរពវិន័យ ខិតខំប្រឹងប្រែង សិក្សា រៀនសូត្រ ចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ កត់ត្រា ទទួលយកចំណេះដឹង បទពិសោធន៍ ល្អៗ សម្រាប់អនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃ ប្រកបដោយស្មារតី សាមគ្គីភាព តស៊ូ អំណត់ ពុះពារ ព្យាយាម ឈានទៅសម្រេចបាន បទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ ជូនអនុវត្តឱ្យទទួលបានប្រសិទ្ធភាព ។
លោកស្នងការ សង្ឃឹមជឿជាក់ថា ប្អូនៗ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅសាលានគរបាលជាតិ ពេលវិលត្រលប់មកវិញ នាំយកចំណេះដឹង បទពិសោធន៍ ទៅបម្រើការងារ តាមអង្គភាពរៀងៗខ្លួន សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។
សូមបញ្ជាក់ដែរថា ក្នុងនោះលោកស្នងការ បានឧបត្ថម្ភ មធ្យោបាយសម្រាប់ធ្វើដំណើរ និងថវិកាមួយចំនួន ផងដែរ ។ អត្ថបទ ស្នងការដ្ឋាននគរបាលខេត្ត.ពិនិត្យអ៊ុម ញឹប។



















![]()
