សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ៖សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈ ការបម្រើសេវាសង្គមនិង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអង្គភាពស្ថាប័ន
(កំពង់ធំ)៖ឯកឧត្តម អុឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជំរុញសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈ ការបម្រើសេវាសង្គមនិង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអង្គភាពស្ថាប័ន ។
ឯកឧត្តម អុឹម សារឿន បាន ថ្លែងនេះក្នុងពិធីបិទមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សយ កុសល សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជិត៣០០ នាក់ ឧត្ថម្ភគាំទ្រដោយរដ្ឋបាលខេត្តកំពង់ធំ មានកិច្ចសហការជាមួយសមាគមក្រុមប្រឹក្សាមូលដ្ឋាន និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្ការ AEA ។
ឯកឧត្តមសូមសំដែងនូវសេចក្តីអបអរសាទរចំពោះលោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោតផ្តល់ការទុកចិត្តជាប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម សម្រាប់អាណត្តិទី៤ នៅក្នុងខេត្តកំពង់ធំ ព្រោះមហាសន្និបាតអាណត្តិទី៤ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងខេត្តកំពង់ធំ ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត គឺសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក។
ឯកឧត្តមបន្តថាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមតួនាទី និងភារកិច្ចសំខាន់ៗដូចជា៖
១-ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្តុំព័ត៌មានអំពីក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ
២-ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗ របស់រដ្ឋាភិបាលជាតិដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម
៣-ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរដ្ឋាភិបាលជាតិក្នុងបំណងស្វែងរកដំណោះស្រាយរួម
៤-ជាសម្លេងដ៏រឹងមាំរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
៥-ជាអ្នកផ្តល់សេវាពិគ្រោះយោបល់ និងការកសាងសមត្ថភាពដល់សមាជិករបស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង
៦-ជាយន្តការសម្រាប់ឱ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការងារអភិបាលកិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាដែលមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលត្រូវមហាសន្និបាតអាណត្តិទី៤បោះឆ្នោតឲ្យជាប់ជាប្រធានដឹកនាំបន្តបានប្តេជ្ញាចិត្តថា
១៖យើងខ្ញុំនឹងដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពងធំ ឱ្យទៅជាស្ថាប័នធ្វើសកម្មភាពការងារក្នុងក្របខណ្ឌសមាគមអព្យាក្រឹត្យមិន ប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់ និន្នាការនយោបាយ និងមិនស្វែងរកផលកម្រៃជាឯកជន។
២៖ឈរលើគោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ, យើងខ្ញុំនឹងរួមសាមគ្គីគ្នា អនុវត្ត ឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ អាណត្តិទី៤ ស្របតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋានជាធរមានរបស់រដ្ឋ ដោយតម្កល់នូវផល ប្រយោជន៍រួម ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ។
៣៖យើងខ្ញុំនឹងទទួលយករាល់សំណូមពរនិងក្តីកង្វល់នានាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដូចមានចែងក្នុងច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ឆ្នាំ២០០១) និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ឆ្នាំ២០០៨)ដើម្បីស្វែងរកការគាំទ្រនិងដំណោះស្រាយ ដោយសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
៤៖ យើងខ្ញុំនឹងខិតខំកសាងទំនាក់ទំនងល្អ និងកសាងភាពជាដៃគូជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អង្គការជាតិ និងអង្គការអន្តរជាតិនានា ដោយខិតខំកៀរគរនូវការគាំទ្រ ទាំងស្មារតី និងធនធានសម្ភារៈ ក្នុងគោលបំណងឆ្លើយតបតម្រូវការរបស់សមាជិក ដើម្បីរួមចំណែកពង្រឹង នីតិរដ្ឋ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុងខេត្តកំពង់ធំនិងនៅក្នុងប្រទេសកម្ពុជាទាំងមូល។
លោកបានបញ្ជាក់ថាលទ្ធផលអង្គសន្និបាតបានសម្រេចនូវ៖
១. អនុម័តរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤
២. អនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម
៣.បោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចសមាគមរួមមានថ្នាក់ដឹកនាំសមាគមចំនួន ៧រូប/ស្រី២រូប គណៈកម្មាធិការប្រតិបត្តិសមាគមចំនួន ៥៣រូប/ស្រី១៦រូប ក្រុមប្រឹក្សាសមាគមចំនួន ១៦១រូប/ស្រី ២៨រូប
៤. អនុម័តផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥
៥. អនុម័តគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការ Management and Operation Manual (MOM) រយៈពេល៥ឆ្នាំ
៦. អនុម័តផែនការយុទ្ធសាស្ត្ររបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ ឆ្នាំ២០២៥-២០២៩