លោក មុយ មុន្និន ÷ មណ្ឌលសុខភាពព្រះដំរីនឹងជួយបង្កើនសុខភាពប្រជាពលរដ្ឋក្នុងឃុំឱ្យកាន់តែប្រសើរឡើង
(កំពង់ធំ)÷ លោក មុយ មុន្និន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសងមណ្ឌលសុខភាពថ្មីនៅក្នុងភូមិព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
លោកបានសង្កត់ធ្ងន់ថា ការកសាងនូវមណ្ឌលសុខភាពព្រះដំរីថ្មីនេះ គឺជាគោលនយោបាយគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់និងបង្ខិតសេវាសុខាភិបាលឱ្យបានកៀកនិងដល់ជណ្ដើរផ្ទះប្រជាពលរដ្ឋក្នុងការផ្ដល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទន្នឹមនឹងនេះលោកបានណែនាំដល់ក្រុមគ្រូពេទ្យត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុខភាពនេះប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈខ្ពស់និងអនុវត្តតួនាទី/ភារកិច្ច ប្រកបដោយទំនួលខុសត្រូវជាពិសេសសុខុមាលភាព សុខភាពប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះប្រកបដោយការជឿទុកចិត្ត ផាសុកភាពនិងសុវត្ថិភាពខ្ពស់បំផុត ពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ និងកុមារ។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រស្អេកស្កះដែលកំពុងអភិវឌ្ឍស្រុកស្ទោងឱ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។
លើសពីនេះលោក បានអំពាវនាវពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសថែរក្សានូវសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានឱ្យបានឋិតថេរជានិរន្ត ដែលបានមកដោយការលះបង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពព្រះដំរីថ្មីនេះមានទំហំបណ្ដោយ១៩ម៉ែត្រ ទទឹង៩,៥ម៉ែត្រ មានកម្ពស់២ជាន់ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ហើយក្រុមការងារក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នករួមមាន សរុប៣១៨នាក់ ស្រី២០៥នាក់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប