មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពី ការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមាន មន្រ្តីកិច្ចការនារីខេត្ត លោកស្រី អុឹម សុខវីន អភិបាលរងស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុមប្រឹក្សាឃុំស្រឡៅ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋសរុបចំនួន១០០នាក់ ស្រី៦៤នាក់ ស្ថិតនៅបរិវេនវត្តឧទម្ពរ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកស្រី អុឹម សុខវីន អភិបាលរងស្រុកតាំងគោក បានមានមតិស្វាគមន៍ និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រី ស៊ិន ស៊ីផាន បានលើកឡើងថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចការសិក្សារៀនសូត្រមិនបានវែងឆ្ងាយពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍សង្គម។
លោកស្រីប្រធានមន្ទីរកិច្ចការនារី បានបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។ ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើង។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។