អភិបាលស្រុកស្ទោងអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួមអភិវឌ្ឍមូលដ្ឋាន:
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវដូច្នេះកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ពេលដែលលោកនិងសហការីព្រមទាំងក្រុមបច្ចេកទេសជាងអញ្ជើញចុះពិនិត្យមើលទីតាំង និងវាស់វវែងដើម្បីដាក់បំពាក់សូឡានៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។
ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះត្រូវជួយសហការដើម្បីសម្អាតនិងថែរក្សាបរិស្ថានរក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាពនិងអនាម័យ ជាពិសេសថែរក្សាដីចំណីផ្លូវឲ្យបានធំទូលាយសម្រាប់ថ្មើរជើងនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ទន្ទឹមនិងនេះលោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននៅក្នុងមូលដ្ឋានដែលបានចូលរួមសហការឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវ លើកសោភ័ណភាពនិងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។
សូមបញ្ជាក់ថាផ្លូវបេតុងដែលត្រូវដាក់បំពាក់សូឡានៅពេលនេះមានប្រវែង៣០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ រហូតដល់ស្ពានថ្មស្ទឹងស្ទោងព្រំប្រទល់ឃុំទ្រា។អត្ថបទរដ្ឋបាលស្រុកស្ទោង -ពិនិត្យដោយអ៊ុមញឹប។