ឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។
ពិធីប្រគល់សញ្ញាបត្រនេះបានប្រារព្ធធ្វើនៅ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពី ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ និងសិស្សវិទ្យាល័យកំពងធំ សរុបជាង ១៧០០នាក់។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា អាស្រ័យដោយពិនិត្យឃើញអំពីសារៈសំខាន់នៃវិស័យនេះហើយ ទើបរដ្ឋបាលខេត្ត តែងតែ គាំទ្ររាល់សកម្មភាពបណ្តុះបណ្តាល ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទាំងអស់នេះ សុទ្ធសឹងតែជាគោលដៅរួមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន៥សែននាក់ ជាអាទិភាព និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។ ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស៕
ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់ សិស្ស-និស្សិត ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីទទួលបាននូវអត្ថប្រយោជន៍សម្រាប់ខ្លួនឯង បន្តផ្សព្វផ្សាយឲ្យដល់គ្រប់ស្រទាប់មហាជនដូចជា ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់អំពីការសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកុំខេត្តកំពង់ធំ ក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀតផងដែរ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-រូបភាព យីម ប៊ុនហ័រ.ពិនិត្យដោយអ៊ុមញឹប។