លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់
ព្រមទាំងជួយកសាងអគារប៉ុស្តិ៍នគរបាលថ្មីចំនួន៦
(កំពង់ធំ)÷ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុក ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីឱ្យកងកម្លាំង និងប្រជាការពារតាមភូមិត្រៀមចុះល្បាត និងជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាកើតឡើង បានទាន់ពេលវេលា និងជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគឺ ត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំ ដឹកនាំកងកម្លាំងអនុវត្ត តួនាទី/ភារកិច្ចជាប្រចាំថ្ងៃ ក្រោមម្លប់សាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាងជំរកកន្លែងស្នាក់នៅប្រចាំការ បំរើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ លើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ។ រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព” ទទួលយកយោបល់របស់
ប្រជាពលរដ្ឋ នូវបញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់។ ពង្រឹងចលនាប្រជាការពារឃុំនីមួយៗបំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ បន្តចុះរដ្ឋបាលតាមខ្នងផ្ទះ ចែកលេខទូរស័ព្ទ សមត្ថកិច្ច សម្រាប់អន្តរាគមន៍។ បន្តធ្វើអំពីល្អ ផ្ដល់ទំនុកចិត្ត ភាពកក់ក្តៅប្រជាពលរដ្ឋ។ ពង្រឹងជាប្រចាំ ការល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមគោលដៅងាយរងគ្រោះគ្រប់គ្រងថែរក្សាទ្រព្យរដ្ឋឱ្យបានគង់វង្ស ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលប្រឈម ត្រូវបញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬស្នងការដ្ឋាននគរបាលខេត្ត ជួយទ្រោលសភាពការណ៍ តាមការកំណត់ណាមួយ ឱ្យមានលក្ខណៈលឿនបំផុតជូនប្រជាពលរដ្ឋដែលជួបបញ្ហាកើតឡើងនៅក្នុងសហគមន៍។
សូមជំរាបផងដែរថា អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យ កំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ នាពេលខាងមុខរួមមាន÷ ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលគោល ស្រុកប្រាសាទសំបូរ។ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលក្លែង ៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់.៥-ប៉ុស្តិ៍នគរបាលរដ្ឋបាលមានរិទ្ធ ៦-ប៉ុស្តិ៍នគរបាលរដ្ឋបាលទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។