មេឃុំម្សាក្រងដឹកនាំសហការី និងអង្គភាពពាក់ព័ន្ធធ្វើយុទ្ធនាការ “ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក”
(កំពង់ធំ )÷ លោក ចន វុទ្ធី មេឃុំម្សាក្រង បានដឹកនាំសហការី និងអង្គភាពពាក់ព័ន្ធធ្វើ “យុទ្ធនាការផ្លូវជាតិគ្មានសំរាមផ្លាស្ទិក” និងអនាម័យនៅតាមទីសាធារណៈនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការគាំពារបរិស្ថានស្អាតគ្មានគំនរសំរាម គ្មានភក់ជ្រាំ គ្មានក្លិនអាក្រក់ និងបំពុលប្រភពទឹក។
លោកមេឃុំបានបន្ថែមឲ្យដឹងថា យុទ្ធនាការនេះក៏ជាការលើកកម្ពស់សោភ័ណភាព អនាម័យ សុខភាពសាធារណៈ និងនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពរឹងមាំ ដោយសារគ្មានកខ្វក់ឬការបំពុលបរិស្ថានជាពិសេសការបំពុលបរិយាកាសការដកដង្ហើម និងទឹកស្ទឹងស្ទោង ដែលជាប្រភពទឹកប្រើប្រាស់ដ៏ធំនិងសំខាន់ជាងគេរបស់ឃុំ។
លើសពីនេះគឺជាការ បណ្ដុះទម្លាប់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សហគមន៍ទាំងមូលឱ្យយល់ដឹង ព្រមទាំងកាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ថង់ផ្លាស្ទិកនិងមិនចោលសំរាមនៅពីសាធារណៈ ពាសវាលពាសកាលដូចមុនទៀត។
សូមបញ្ជាក់ថា យុទ្ធាការសម្អាតបរិស្ថាននេះមានការចូលរួម របស់នគរបាលប៉ុស្តិ៍រដ្ឋបាល លោកគ្រូសអ្នកគ្រូ ទាំង៧សាលា មណ្ឌលសុខភាព ស.ស.យ.ក ឃុំ សិស្សានុសិស្ស ទាំង៧សាលា ប្រជាការពារភូមិ ប្រជាពលរដ្ឋ ដែលសរុបរួមមានគ្នា៦៧៨នាក់ ស្រី៤៨៨នាក់។ អត្ថបទរដ្ឋបាលសុខស្ទោង-ពិនិត្យដោយអ៊ុមញឹប។