លោកសាយ គឹមឡម លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យចេះកៀគរមូលធនជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន :
លោកសាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងបានលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់ពលរដ្ឋដែលមានពិការភាពនិងមានជីវភាពទីទ័លក្រនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២៥។
ជាមួយគ្នានេះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងលោកជំទាវ ដែលលោកតែងតែនឹករលឹកនិងគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខ សុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ លោកបាន លើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោមត្រូវប្រើប្រាស់និងបែងចែកមូលធនដែលកៀរគរបានប្រកបដោយតម្លាភាព សច្ចភាព គណនីយភាព និងប្រើប្រាស់ចំគោលដៅហើយមិនប្រកាន់ បក្សពួកឬនិន្នាការនយោបាយឡើយ។
លើសពីនេះលោកសាយ គឹមឡម បានណែនាំ ដល់រដ្ឋបាលឃុំ ត្រូវខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានពិការភាពដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងលើជីវភាពក៏ដូចជាសេវាទូទៅក្នុងការផ្ដល់ជូនពួកគាត់ឲ្យបានជាអាទិភាព។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង៦គ្រួសារខាងលើក្នុងម្នាក់ៗ ទទួលបាននូវអង្ករ១បេ ត្រីខរ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា៣ម៉ឺនរៀល ដោយឡែកបងស្រីដែលមានពិការភាពភ្នែកទទួលបានទឹកប្រាក់ ២០ម៉ឺនរៀលនិងបងស្រីដែលមានពិការបញ្ញាស្មារតីទទួលបានទឹកប្រាក់១០ម៉ឺនរៀល។ អត្ថបទដោយ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។