អាជ្ញាធរ និងអង្គការ រួមគ្នាជំរុញកសិករចិញ្ចឹមបង្កងធម្មជាតិ ខណៈក្រុមកសិករភូមិជ័យជំនះស្រុកសន្ទុក ស្វែងរកទីផ្សារគាំទ្រ
(ខេត្តកំពង់ធំ)÷ ក្នុងបរិបទការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរឃុំកកោះស្រុកសន្ទុក មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ បានបន្តយកចិត្តទុកដាក់ជំរុញឱ្យកសិករភូមិជ័យជំនះឃុំកកោះស្រុកសន្ទុក អភិវឌ្ឍរបរចិញ្ចឹមបង្កងធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងបង្កើតឱកាសទីផ្សារក្នុងសហគមន៍។
ទោះបីទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ កសិករនៅតែបង្ហាញការព្រួយបារម្ភអំពីការរកទីផ្សារស្ថិរភាព ដែលជាចំណុចសំខាន់ត្រូវការការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធ។
បច្ចុប្បន្ន នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានកសិករចំនួន ៤ គ្រួសារ បានរួមគ្នាបង្កើតជាក្រុមចិញ្ចឹមបង្កងធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារជាបន្តបន្ទាប់។ ក្រុមកសិករទាំងនេះ បានរៀបចំផែនការចិញ្ចឹមបណ្ដាក់គ្នា ឱ្យមានផលបង្កងលក់បានជារៀងរាល់ថ្ងៃ និងរៀងរាល់ខែ ជួយធានាការផ្គត់ផ្គង់ឱ្យអតិថិជនក្នុងតំបន់ និងក្រៅខេត្ត។
កសិករស្ត្រីម្នាក់ឈ្មោះ សេង ហុង បានឲ្យដឹងថា បច្ចុប្បន្នគាត់មានស្រះចិញ្ចឹមចំនួន ២ ស្រះ លើផ្ទៃដីប្រមាណ ៧៥ អារ។ ស្រះទីមួយ ដែលជាបទពិសោធន៍ដំបូង អាចប្រមូលផលបានជាង ១០០ គីឡូក្រាម និងលក់អស់ទាំងស្រុង។ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ ២០២៦ គាត់បានចាប់ផ្តើមប្រមូលផលពីស្រះទីពីរ ដែលអាចលក់បានប្រមាណ ១០ គីឡូក្រាមក្នុងមួយថ្ងៃ។ ទីផ្សារលក់ភាគច្រើនធ្វើតាមបណ្ដាញសង្គម ហើយមានអតិថិជនមកពីខេត្តសៀមរាប និងតំបន់ជិតខាង ក៏ដូចជាអ្នកនៅក្នុងស្រុកផ្ទាល់។
ទោះជាយ៉ាងណា ក្រុមកសិករនៅតែមានក្តីបារម្ភចំពោះការធានាទីផ្សារយូរអង្វែង ទោះបង្កងធម្មជាតិមានរសជាតិឆ្ងាញ់ និងលក់ក្នុងតម្លៃប្រហែល ១៥ ដុល្លារ ក្នុងមួយគីឡូក្រាមក៏ដោយ។
កសិករបានបន្តថា ការចាប់ផ្តើមរបរនេះ បានទទួលការគាំទ្រពីអង្គការ WorldFish ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ក្នុងការផ្តល់បច្ចេកទេស ចំណេះដឹង និងគាំទ្រប្រព័ន្ធទឹកសម្រាប់ស្រះចិញ្ចឹម។ កសិករបានបង្ហាញជំនឿថា ជំនាញដែលទទួលបានអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ហើយអាចប្រើប្រាស់ដីធ្វើស្រែ ចិញ្ចឹមបង្កង និងដាំបន្លែរួមគ្នា បង្កើតចំណូលច្រើនមុខក្នុងពេលតែមួយ។
លោក ចាប ធីន មេឃុំកកោះ បានបញ្ជាក់ថា ការចិញ្ចឹមបង្កងត្រូវការប្រព័ន្ធទឹកមានប្រសិទ្ធភាព ដូចជា ប្រឡាយ ទ្វារទឹក និងការផ្លាស់ប្តូរទឹកជាប្រចាំ។ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ និងការចូលរួមពីមន្ទីរធនធានទឹក បានជួយធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការចិញ្ចឹមសត្វទឹក។ កត្តានេះបានធ្វើឲ្យអង្គការ WorldFish ចាប់អារម្មណ៍បន្តសហការជាមួយអាជ្ញាធរ ដើម្បីបណ្តុះបណ្តាលកសិករ លើបច្ចេកទេសចិញ្ចឹម និងជំនាញទីផ្សារតាមបណ្ដាញសង្គម។
លើសពីនេះ អាជ្ញាធរឃុំក៏មានផែនការរៀបចំស្លាកសញ្ញាបង្ហាញទីតាំងស្រះចិញ្ចឹមបង្កងតាមបណ្តោយផ្លូវជាតិលេខ ៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអតិថិជនឲ្យចូលទៅទិញបង្កងស្រស់ពីកសិករដោយផ្ទាល់ ព្រមទាំងគម្រោងកែលម្អផ្លូវចូលសហគមន៍ឲ្យកាន់តែងាយស្រួលក្នុងពេលខាងមុខ។
លោកមេឃុំបានបន្តថា ការរួមសហការរវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ បានបង្កើតមូលដ្ឋានរឹងមាំសម្រាប់កសិករចិញ្ចឹមបង្កងធម្មជាតិ។ ទោះបីនៅមានបញ្ហាទីផ្សារជាបញ្ហាប្រឈម ក្តីការគាំទ្របន្ត និងការចូលរួមពីអតិថិជន គឺជាចំណុចសំខាន់ក្នុងការជួយឲ្យរបរនេះរីកចម្រើន និងបង្កើនជីវភាពប្រជាជនក្នុងសហគមន៍។













![]()
