ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកតាំងគោក ដោយឥតគិតថ្លៃ
(កំពង់ធំ)៖ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក របស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក រដ្ឋបាលស្រុកតាំងគោក ចុះធ្វើការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពុំគិតថ្លៃ។
សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យ និងព្យាបាលជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ជាក់ស្តែងពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំនេះតែម្តង។
លេីកឡេីងនៅក្នុងពិធីនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏ថ្លែងអំណរគុណដល់លោក ហ្វីលីព កាស្រ្តូ ដែលតែងតែគៀងគរសប្បុរសជនចូលរួមអភិវឌ្ឍន៍ជាមួយអាជ្ញាធរស្រុក ជាពិសេសបានគៀងគរមិត្តភក្តិបរទេសរបស់លោក ដែលជាក្រុមគ្រូពេទ្យមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោកនាពេលនេះ ហើយក្រុមគ្រូពេទ្យជនជាតិអាមេរិកនេះក៏ធ្លាប់មកពីខែតុលា ឆ្នាំ២០២៥ម្តងមកហើយ។
លោក ហាក់ ម៉ុងហួត បានបន្ថែមថា សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោកអភិបាលស្រុកតាំងគោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលនៅក្បែរផ្ទះ ព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារៈគ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។ លោកក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល១ថ្ងៃពេញ គឺចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដោយក្រុមគ្រូពេទ្យអាមេរិកចំនួន៦០រូប ពេទ្យឯកទេសចំនួន៣០នាក់ ។ ដោយការរាយការណ៍ពីការពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋសរុបបាន ៤៣៣នាក់ ជំងឺទូទៅ២៥៤នាក់ ជំងឺភ្នែកចំនួន១៥៤នាក់ ជំងឺមាត់ធ្មេញ២៥នាក់។ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។















![]()
