អភិបាលខេត្តកំពង់ធំ ជំរុញឱ្យការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឱ្យការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំឆ្នាំសិក្សា ២០២៤- ២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ។
ក្នុងកម្មវិធីនោះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍវិស័យអប់រំ លោកគ្រូ អ្នកគ្រូ ជាច្រើននាក់។
ជាមួយគ្នានោះ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារៈសិក្សា ដើម្បីផ្តល់ដល់កុមារ និងសិស្សភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ជម្លោះនៅតាមព្រំដែន បានមកសិក្សារៀនសូត្រនៅខេត្តកំពង់ធំ។ ហើយម៉្យាងទៀត ជាមោទនភាពនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ យើងទទួលបានជ័យលាភីស្តង់ដាសាលារៀនគំរូ ចំនួន១៦សាលា (មត្តេយ្យ ១ សាលា បឋមសិក្សា ៨ សាលា អនុវិទ្យាល័យ ១ សាលា និងវិទ្យាល័យ ៦ សាលា)។ បន្ទាប់មក អង្គសន្និបាត បានដាក់ចេញនូវយុទ្ធសាស្រ្តមួយសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះគឺ «ពង្រឹងអភិបាលកិច្ច ឆ្ពោះទៅសម្រេចស្តង់ដាសាលារៀនគំរូ» ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរ ក្នុងការងារអភិវឌ្ឍវិស័យអប់រំ កន្លងមក តាមរយៈរបាយកាណ៍បូកសរុបលទ្ធផលសន្និបាត របស់លោកប្រធានមន្ទីរ បានបង្ហាញពីលទ្ធផលការងារក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កន្លងមកនេះ ដែលសមិទ្ធផលទាំងអស់នេះក៏បានឆ្លុះបញ្ចាំងពីការរីកចម្រើនទាំងគុណភាព និងបរិមាណ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ និងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់វិស័យអាទិភាព៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
ឯកឧត្តម បានបន្តថា ដើម្បីឲ្យការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យុវជន និងកីឡា ត្រូវតែអនុវត្តផែនការជាអាទិភាព មួយចំនួនសម្រាប់ជាមូលដ្ឋានរួមមាន ៖ ១. ត្រូវបង្កើនការប្រមូលកុមារ ដែលមានអាយុពី ៣ឆ្នាំ ដល់៥ឆ្នាំ ឱ្យបានចូលរៀនមត្តេយ្យ សិក្សាជាអតិបរមា តាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន ។ ២. ត្រូវប្រមូលកុមារដែលបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងមធ្យមសិក្សាឱ្យ បានចូលរៀនឡើងវិញ ដោយបណ្តុះបណ្តាលពួកគេឱ្យមានជំនាញវិជ្ជាជីវៈ និងបំណិន ជីវិតផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ៣. ខិតខំជំរុញបន្ថែមលើការងារបច្ចេកទេសបង្រៀន រៀន និងការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា នៅគ្រប់ភូមិសិក្សា ដើម្បីធានាគុណភាពអប់រំនៅកម្ពុជា ឱ្យបានស្របតាមកម្មវិធីអប់រំក្នុងតំបន់ និងសកលលោក ។ ៤. ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលារៀន ដើម្បីឱ្យក្លាយជាទីមេត្រីដល់កុមារទាំងអស់បានចូលរៀននៅបឋមសិក្សា និងចូលរៀនកាន់តែច្រើនឡើងនៅថ្នាក់មធ្យមសិក្សា តាមរយៈការសាងសង់សាលារៀនភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា សំណង់ ទឹកស្អាត បង្គន់អនាម័យ ធានាបាននូវសុខុមាលភាពយ៉ាងសុខដុមរមនាដល់ក្មួយៗ សិស្សានុសិស្ស ។ ៥. ត្រូវពង្រឹង និងលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ជាពិសេស ការអនុវត្ត ឱ្យបានសម្រេចតាមគ្រប់រូបភាពនូវស្តង់ដាសាលារៀនគំរូ ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាពដល់មូលដ្ឋាន។ ៦. ត្រូវអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បីឈានទៅ សម្រេចបាននូវគុណភាពអប់រំ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា ។ ៧. ត្រូវពង្រឹងការងារអភិបាលកិច្ច ឱ្យបានគ្រប់ជ្រុងជ្រោយដល់គ្រប់គ្រឹះស្ថានសិក្សា ។ ៨. ត្រូវពង្រឹងការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង ដើម្បីធានាបាននូវចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្សជាវិជ្ជមាន ។ ៩. ត្រូវបន្តការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀនជាប្រចាំ ។ ១០.ត្រូវកៀរគរសហគមន៍ អាជ្ញាធរដែនដី មាតាបិតា អង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមក្នុងការកែលម្អរ និងអភិវឌ្ឍវិស័យអប់រំ ឱ្យមានការរីកចម្រើន ស្របតាមតម្រូវការទីផ្សារការងារ ទាំងក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ គ្រូបង្រៀន និងបុគ្គលិកសិក្សាទាំងអស់នៅទូទាំងខេត្តកំពង់ធំ អាជ្ញាធរដែនដី ព្រមទាំងអង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ សូមបន្តផ្តល់ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការជាមួយគ្នាបន្តទៀត ក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ ។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។




















![]()
