ពិធីបញ្ចុះបឋមសិលាកសាងហោត្រៃ ដែលមានបណ្តោយ ២០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងកម្ពស់២ជាន់ វត្តប្រាសាទ ស្រុកសន្ទុក
(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក ព្រះនិម្មលធម្មនី សោម ជាន ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូនិម្មលធម្មល័ក្ខណ៍ ព្រះអនុគណស្រុក និងព្រះតេជព្រះគុណ ផល ភ័ក្រ ព្រះចៅអធិការវត្តប្រាសាទ បានអញ្ជើញ និងនិមន្តក្នុងកម្មវិធីបញ្ចុះបឋមសិលាកសាងហោត្រៃ ដែលមានបណ្តោយ ២០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងកម្ពស់២ជាន់ វត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នាពេលរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦។
ព្រះតេជព្រះគុណ ផល ភ័ក្រ ព្រះចៅអធិការវត្តប្រាសាទ បានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាកសាងហោត្រៃ និងសមិទ្ធផលនានាបន្ថែមទៀតនៅក្នុងបរិវេណវត្ត ដើម្បីឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទអញ្ជើញ/និមន្តមកធ្វើបុណ្យរៀងរាល់ថ្ងៃសីល និងជាទីកន្លែងសក្ការៈបូជា។វត្តប្រាសាទចាប់តាំងឆ្នាំ១៨៤៩ ដល់ឆ្នាំ២០២៦ មានព្រះគ្រូចៅអធិការចំនួន១៥ព្រះអង្គ បានកសាងសមិទ្ធផលនានា ក្នុងវត្តនេះជាបន្តបន្ទាប់ និងកែលម្អបរិស្ថាន ក្នុងការទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយមកចូលរួមជួយឧបត្ថម្ភ និងកសាងបន្ថែមទៀត។ មានការទំនាក់ទំនង សហការគ្នាល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សាមគ្គីគ្នាល្អ រវាងព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត។
ថ្លែងនៅក្នុងកម្មវិធីនេះលោក វណ្ណៈ សោភានិត បានលើកឡើងអំពីសាសនាព្រះពុទ្ធនៅក្នុងឃុំប្រាសាទមានវត្ត៤គឺ ១.វត្តប្រាសាទ ២.វត្តសិរីវង្សារាម(ហៅវត្តចំបក់ជ្រុំ)
៣.វត្តទីរាជវនារាម (ហៅវត្តបន្ទាយយោមរាជ) ៤.វត្តសាមគ្គីចម្រើនពុទ្ធិការាម (ហៅវត្តស្រែតាកោ)
ឃុំប្រាសាទមានព្រះសង្ឃចំនួន៥៣អង្គ និងភិក្ខុ១០អង្គ អាចារ្យ១១រូប គណៈកម្មការ៨២រូប តាជីចំនួន០០រូប និងយាយជីចំនួន៣រូប។
លោកអភិបាលស្រុកសន្ទុកបានបន្តទៀតថា វត្តប្រាសាទចាប់ផ្តើមកសាងក្នុងអំឡុងឆ្នាំ១៨៤៩ វត្តប្រាសាទកសាងលើផ្ទៃដីទួលមួយកន្លែងនៅក្នុងភូមិប្រាសាទ ដែលមានទំហំទទឹងប្រវែង១៥០ម៉ែត្រ និងបណ្តោយប្រវែង២២៩ម៉ែត្រ មានចម្ងាយពីផ្លូវជាតិលេខ៦ ប្រវែង៣៥០ម៉ែត្រ នៅឆ្នាំ ១៨៤៩ វត្តនេះមានឈ្មោះថាវត្តប្រាសាទ ព្រោះនៅក្នុងបរិវេណវត្តនេះ មានប្រាសាទបុរាណជាច្រើន ប្រាសាទបុរាណនេះកសាងដោយព្រះបាទជ័យវរ្ម័នទី១ នៅក្នុងសតវត្សទី៧ នៅដើមសតវត្សទី៨ ឧទ្ទិសថ្វាយព្រះ ឥសូរ ។ ការសាង់សង់ព្រះវិហារដែលជាប់នឹងប្រាសាទបុរាណនោះក្នុងគោលបំណងថែរក្សាប្រាសាទផង និងធ្វើជា គ្រឿងសក្កាឬជាផង ដូច្នេះឈ្មោះវត្តប្រាសាទនេះ បានជាប់ដំណតាំងពីពេលនោះរហូតដល់សព្វថ្ងៃនេះ។
ជាចុងក្រោយលោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត លោកអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ចូលរួមថែរក្សាកេរ្តិ៍ដំណែលពីបុរាណ កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកសាងរួចឱ្យបានគង់វង្ស ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងគោរពព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ជាពិសេសវត្តប្រាសាទ មានប្រាសាទ បុរាណ ដែលជាទីរមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញ ចូលទស្សនាផងដែរ។ អត្ថបទលោក ធូ កែវមុន្នី





























![]()
