ឯកឧត្តម ងួន រាសី ដឹកនាំក្រុមការងារថ្នាក់ខេត្តពិនិត្យមើលទីតាំងព្យាបាលជំងឺរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដើម្បីពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសន្ទុក
(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងការងារថ្នាក់ខេត្តអញ្ជើញចុះមើលទីតាំងព្យាបាលជំងឺរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដើម្បីពិនិត្យសុខភាពជូនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នាខាងមុខនេះ ស្ថិតនៅបរិវេណសាលាបឋមសិក្សាតាំងក្រសាំង នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម
ហៃ ហ៊ុនឡេង នាយកឧទ្ឋកាកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋាន(គ.វ.អ) ឯកឧត្តមបណ្ឌិត ស៉ឹម ស៊ូយ៉េង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ លោក សាយ បុណ្ណា លោកវេជ្ជបណ្ឌិត អ៊ាន គឹមអាន លោកវេជ្ជបណ្ឌិត លឹម មេសា លោកទន្តបណ្ឌិត សៀក សុជាតិ លោកវេជ្ជបណ្ឌិត ពុទ្ធ ចិន្ដា លោក អ៉ិន សុផានី លោក សឹង ម៉ុនពន្លក ក្រុមការងារថ្នាក់ខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកវណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក និងក្រុមការងារថ្នាក់ស្រុក ព្រមទាំងលោកគ្រូអ្នកគ្រូ ជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសុខភាពដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានចាត់ឱ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទូទៅដើម្បីឱ្យមានសុខភាពល្អឡើងវិញ។ ក្នុងនោះដើម្បីឱ្យសុខភាពមានលក្ខណៈល្អប្រសើរ សូមបងប្អូនទាំងអស់ចូលរួមមកពិនិត្យសុខភាព និងព្យាបាលជំងឺឱ្យបានគ្រប់ៗគ្នា ព្រោះសុខភាពជាកត្តាសំខាន់បំផុតដែលមនុស្សគ្រប់គ្នាចង់បាន។
ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងការរក្សាសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយក្នុងពិធីពិនិត្យសុខភាពជូនដល់សិស្សានុសិស្សនិងបងប្អូនជាពលរដ្ឋ ត្រូវតែរៀបចំទីតាំងឱ្យសមស្របធំទូលាយ ធានាសុវត្ថិភាពដល់ក្រុមគ្រូពេទ្យ មានទីតាំងទៅតាមផ្នែកនៃការពិនិត្យសុខភាព កងកម្លាំងទាំង៣ ត្រូវតែធ្វើចរាចរណ៍ឱ្យបានល្អ និងយាមជាប្រចាំដើម្បីជួយសម្រួលដល់អ្នកដែលមកពិនិត្យសុខភាព រៀបចំឱ្យមានក្រុមយុវជនមកជួយ ក្នុងការសម្រួលការងារក្នុងកម្មវិធីនេះ។
សូមបញ្ជាក់ផងដែរថា សាលារៀនដែលត្រូវនាំសិស្សានុសិស្សមកពិនិត្យសុខភាពដោយឥតគិតថ្លៃមាន÷ ១.សាលាបឋមសិក្សាស្វាយកាល ២.សាលាបឋមសិក្សាជីមាឃ ៣.សាលាបឋមសិក្សាកកោះ ៤.សាលាបឋមសិក្សាតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

















![]()
