ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រួតពិនិត្យការសាងសង់ផ្លូវនិងអណ្ដូងទឹក ជូនបងប្អូនអតីតយុទ្ធជន ដែលទើបមករស់នៅថ្មីលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអមដំណើរឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងការជីអណ្ដូងទឹក ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មីនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះ ៦៥ខ្នងថ្មីទៀតនេះ បានដំណើរការសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានដំណើរការចាប់ឆ្នោតប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។ បច្ចុប្បន្នផ្ទះថ្មីនេះ បានសាងសង់រួចរាល់ចំនួន៩៥%ហើយ។ ហើយបងប្អូនអតីតយុទ្ធជនយើងក៏បានមករស់នៅបានប្រមាណ ៩៥% ហើយដែរ តែបងប្អូននៅខ្វះខាតផ្លូវលំក្នុងការធ្វើដំណើរ និងអណ្ដូងទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងប្រព័ន្ធអគ្គិសនីផងដែរ ។ តែថ្មីៗនេះលោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានជួយដំណើរការឈូសឆាយផ្លូវសម្រួលដល់ការធ្វើដំណើរ និងបានជីកអណ្ដូងដៃសម្រាប់ដាក់លូ ជូនបងប្អូនបានប្រើប្រាស់មួយចំនួនផងដែរ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លៃងថា៖ ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍ សំណូមពរដល់បងប្អូនអតីតយុទ្ធជនរបស់យើងត្រូវខិតខំប្រឹងប្រែង ដើម្បីកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ច នឹងផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ឲ្យកាន់តែល្អប្រសើរឡើង ហើយចំពោះមុខនេះក្រសួងអភិវឌ្ឍន៍ជនបទ តាមបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនិងខិតខំកសាងស្ថាបនាផ្លូវជូនបងប្អូនឲ្យបានល្អប្រសើរ រួមនឹងការធ្វើអណ្ដូងទឹកស្អាត សម្រាប់ជូនបងប្អូនអតីតយុទ្ធជនបានប្រើប្រាស់ មានអនាម័យល្អ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។