វេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុកស្ទោង នៅឃុំទ្រា ដើម្បីស្ដាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយជូនប្រជាពលរដ្ឋ
(កំពង់ធំ)÷ រដ្ឋបាលស្រុកស្ទោងបើកវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវត្តហប់ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករង មន្ត្រីជំនាញពាក់ព័ន្ធជុំវិញស្រុកជាច្រើននាក់ចូលរួមដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានលើកឡើងដែលពួកគាត់បានជួបប្រទះកន្លងមក។
ក្រោយពីស្ដាប់នូវ បញ្ហាកង្វល់ និងសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋលើកឡើងក៏ដូចជាដំណោះស្រាយជូនពួកគាត់នៅក្នុងវេទិកានេះ លោក សាយ គឹមឡម បានជំរុញដល់អាជ្ញាធរឃុំទ្រា ត្រូវចុះសិក្សាឱ្យបានលម្អិតស៊ីជម្រៅនិងបន្ថែមទៀតនូវគម្រោងផែនការអាទិភាពរបស់ខ្លួន ដើម្បីលើកយកមកដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងដាក់ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលក្នុងកិច្ចសហការរួមគ្នាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ស្រោចស្រពទឹករំដោះទឹកជំនន់ស្ទឹងស្ទោងនៅក្នុងរដូវវស្សា និងការបញ្ចៀសនូវជំនន់ទឹកលិចទីរួមស្រុកស្ទោង។ ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមដល់កងកម្លាំង ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ គ្រប់រូបត្រូវរួមសហគារក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀននិងក្មេងទំនើងឲ្យខានតែបាន ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។
ចុងក្រោយលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំទ្រាត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាផ្លូវលំ អនាម័យ បរិស្ថាន គ្រួសារក្រីក្រ សុខភាពសាធារណៈនិងពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្តនិងឆាប់រហ័ស។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។