អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ៣ទីតាំងផ្សេងគ្នា ចំនួន៣០៧គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុងស្ទឹងសែន
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ចំនួន ៣ទីតាំងផ្សេងគ្នា មានចំនួន៣០៧គ្រួសារ ក្នុងនោះទីតាំងទី១ នៅវត្តក្រចាប់ ចំនួន ១៤៧គ្រួសារ ទីតាំងទី២ នៅវត្តទេពនិម្មិត ចំនួន ៩៣គ្រួសារ និងទីតាំងទី៣ វត្តសែនសិរី ចំនួន ៧២គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលតែងតែមានការខ្វល់ខ្វាយបារម្ភអំពីសុខទុក្ខក្នុងវរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកយើងគ្រប់ពេលវេលា។
ឯកឧត្តម នួន ផារ័ត្ន បន្តថា យោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការការពារជាតិមាតុភូមិកម្ពុជា។
លើសពីនេះទៀត ឯកឧត្តមបានបានថ្លែងអំណរគុណដល់សព្វបុរសជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់បន្តចែកចាយជូនដល់វីរៈកងទ័ព និងជនភៀសសឹកនៅក្នុងរយៈពេលនៃសង្គ្រាមនេះ។ ហើយនេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។ តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើងដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឈ្លានពានអោយអន្តរាយ។ អត្ថបទ រដ្ឋបាលខេត្ដ។
























![]()
