ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ(រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព)
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត នៅក្នុងកម្មវិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ(រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព)។
កម្មវិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួម លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា មន្ត្រីសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោងប្រមាណជាង២៥៥នាក់ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកជំទាវ លំ គន្ធារី បានថ្លែងថា នៅក្នុងឱកាសដ៏វិសេសវិសាលនៃទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះ ក្នុងនាមជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ កាកបាទក្រហមកម្ពុជាប្តេជ្ញាចូលរួមយ៉ាងអង់អាចក្លាហានជាមួយសហព័ន្ធ អន្តរជាតិនៅក្នុងយុទ្ធនាការអំពាវនាវ និងទទូចស្នើសុំដល់គ្រប់ភាគីក្នុងជម្លោះ និងសង្គ្រាមនៅគ្រប់ទីកន្លែង សូមនាំគ្នាគោរពច្បាប់មនុស្សធម៌អន្តរជាតិ សូមផ្តល់នូវសុវត្ថិភាព និងផ្តល់កិច្ចគាំពារដល់ អ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករមនុស្សធម៌ទូទាំងសកលលោកជាង១៦លាននាក់ ដែលបាននិង កំពុងលះបង់កម្លាំង កាយចិត្តយ៉ាងសកម្ម ប្រថុយជីវិតនឹងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដើម្បីបុព្វហេតុមនុស្សធម៌ ជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះគ្រប់ប្រភេទ តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។ កាកបាទក្រហមកម្ពុជា សូមប្តេជ្ញាពួតដៃរួមកម្លាំងជាមួយ សមាគមជាតិទាំង១៩១ នៅជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែង ការពារមនុស្សជាតិ និងសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងការ ជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះនៅក្នុងគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព នៃវិនាសកម្មបង្កដោយមនុស្ស និងធម្មជាតិ។
លោកជំទាវ បានផ្ដាំផ្ញើ សូមគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្ត ទុកដាក់លើកិច្ចការសំខាន់ចំពោះមុខដូចតទៅ៖ ១.សូមយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋាន តាមរយៈ ការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍។ ២.សូមផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ក្នុងការចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ព្រោះ យើងទាំងអស់គ្នាត្រូវចងចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ៣.ត្រូវបន្តរួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទ ក្នុងការការពារបុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាម ប្រព័ន្ធបច្ចេកវិទ្យា។ ៤.សូមបន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាពខ្វះខាត។ ៥. បន្តអនុវត្តនូវគោលនយោបាយយុវជន គោលនយោបាយអ្នកស្ម័គ្រចិត្ត និងសេចក្តីណែនាំ អានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព។ ៦. បន្តលើកញ្ជ្រោងកម្លាំងសាមគ្គីភាពដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ លើគ្រប់វិស័យ ជាពិសេសក្នុងការលើកកម្ពស់ការពង្រឹងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។