មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រគប់គ្រង និងសេដ្ឋកិច្ច រៀបចំកម្មវិធីទស្សនទានព្រះពុទ្ធសាសនា ដើម្បីគាំទ្រឥរិយាបថវិជ្ជមានរបស់សិស្ស និងលើកកម្ពស់សីលធម៌សង្គម
(កំពង់ធំ)÷ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្ត ព្រះភិក្ខុ ហែម គឹមហៀ ព្រះចៅអធិការវត្តក្រចាប់ លោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ធំ និងលោក ខៀវ វឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៅវិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ០៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ បានមានប្រសាសន៍ទៅកាន់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថាកម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងដើម្បីជាការតម្រង់ទិសសិស្សានុសិស្សមានឱកាសទទួលចំណេះដឹង និងប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនា។ សិស្សានុសិស្សមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អតាមក្រមសីលធម៌ សិស្សានុសិស្ស ក្លាយខ្លួនជាកូនល្អរបស់ឪពុកម្តាយ ជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូ ជាសមាជិកល្អរបស់សង្គម និងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនា។ ការយល់ដឹងអំពីបុណ្យបាប គុណទោស ជាពិសេសដើម្បីអប់រំពង្រឹងគុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គម ឱ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ និងគ្រោះថ្នាក់ចរាចរណ៍ ហ្វឹកហាត់កាយវាចាចិត្តល្អ ក្នុងការរស់នៅប្រចាំថ្ងៃ។
ព្រះភិក្ខុ ហែម គឹមហៀ មានសង្ឃដីកាថា ព្រះពុទ្ធសាសនាពិតជាបានរួមចំណែកច្រើនណាស់ជួយដល់សង្គមជាតិ ឬមនុស្សជាតិទាំងមូល ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្ត ឬអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមខ្មែរ។ ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ននេះមានមនុស្សមួយចំនួន ពេលខ្លះព្រោះតែភាពលោភលន់ ព្រោះតែការគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យលែងស្គាល់បុណ្យបាប គុណទោស ខ្លះទៀតលែងស្គាល់បងប្អូន ឬឪពុកម្តាយជាដើម។ ព្រះពុទ្ធសាសនាតែងតែដើរតួរជួយពង្រឹង ជួយណែនាំ ជួយអប់រំដល់មនុស្សទាំងនោះឱ្យមានសេចក្តីភ្ញាក់រលឹកឡើងវិញ ចេះស្គាល់គុណទោស បុណ្យបាប ចេះឱ្យតម្លៃមនុស្សចេះគិតផលប្រយោជន៍រួមជាធំ និងចេះធ្វើអំពើល្អផ្សេងៗជាដើម។
ទន្ទឹមនឹងនេះព្រះភិក្ខុ ហែម គឹមហៀ ព្រះចៅអធិការវត្តក្រចាប់ មានសង្ឃដីកាដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ដែលបានប្រារព្ធឡើងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដាស់តឿនស្មារតីប្អូនសិស្សានុសិស្ស ក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំពុទ្ធឱវាទ ឬខ្លឹមសារអប់រំដ៏មានសារសំខាន់នាថ្ងៃនេះ ដើម្បីប្រើជាពន្លឺដាស់តឿនខ្លួនឯង ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទាំងនៅក្នុងសាលារៀន និងក្នុងសង្គម និងសូមសិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា និងចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ អត្ថបទមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
