ឯកឧត្តម ឃឹង នុភាព អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសាមគ្គីភាពស្នេហាជាតិ និងបម្រើប្រទេសជាតិអស់ពីរកម្លាំងកាយចិត្ត
(កំពង់ធំ)៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនឃុំស្រើង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៤) នៅភូមិជាំបឹង (វត្តជាំបឹង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះជួយឃុំស្រើង។
ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកា ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចំនួន២៥០នាក់។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ឃឹង នុភាព បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនជាតិ និងប្រជាជន ក្នុងនោះរួមមាន ការដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតឡើងវិញទាន់ពេលវេលា និងទប់ស្កាត់របបយង់ឃ្នង់នេះមិនឱ្យវិលត្រឡប់មកវិញ។
ឯកឧត្តមបានបន្តថារាជរដ្ឋាភីបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅរបស់ប្រជាជនប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ហើយបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលនៃការផ្សះផ្សារបង្រួបបង្រួមជាតិរហូតសម្រេច។
ឯកឧត្តមបានបន្ថែមថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ មកតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ប្រកបដោយជោគជ័យ ធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង។
ឯកឧត្តម ឃឹង នុភាព បានបញ្ចាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា បានស្ដារសេដ្ឋកិច្ចសង្គមពីស្ថានភាពត្រូវបានបំផ្លាញឱ្យរស់ឡើងវិញ និងមានស្ថេរភាពជាជំហានៗរហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង។