លោក ចាន់ បញ្ញាវ័ន្ដ ដឹកនាំមន្ត្រីជំនាញចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ
(កំពង់ធំ)÷ព្រឹកថ្ងៃ២០សីហាឆ្នាំ២០២៤ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រី ភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ/ឃុំ មន្ត្រីកសិកម្មឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជំរុញដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់លើសត្វគោក្របីដោយធ្វើការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗមន្ថែមទៀត និងណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។
លោក ចាន់ បញ្ញវ័ន្ត បានណែនាំ បងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីស្ថានភាពជំងឺសត្វដែលកំពុងតែរីករាលដាលនៅក្នុងសហគមន៍ និងក្រើនរំលឹកដល់បងប្អូនប្រជាកសិករដែលមានសត្វគោក្របីឱ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគឱ្យបានញឹកញាប់យ៉ាងហោច២ដងក្នុង១ខែ ផ្តល់ទឹក និងស្មៅព្រមទាំងចំបើងឱ្យស៊ីគ្រប់គ្រាន់ យកសត្វមកចាក់ថ្នាំការពារជំងឺឆ្លងឱ្យបានទៀងទាត់តាមការណែនាំពីមន្ត្រីជំនាញ(២លើកក្នុង១ឆ្នាំ)។
សូមបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារសម្រេចចាក់បានសត្វគោសរុប១០០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក៥០០កំរិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ។ (អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប)។