សមាជិកព្រឹទ្ធសភាផ្ដល់ម៉ូតូបីគ្រឿងដល់សិស្សជាប់និទ្ទេសA និងជំរុញឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីក្លាយជាធនធានសម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិ
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុន ឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយផ្ដល់ម៉ូតូបីគ្រឿងដល់សិស្សជាប់និទ្ទេសA និងជំរុញឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីក្លាយជាធនធានសម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិ ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីប្រគល់ម៉ូតូ ៣គ្រឿងដល់សិស្សនិទ្ទេសA ចំនួន៣ នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោកជំទាវបានថ្លែងអំណរគុណចំពោះនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ជាពិសេសស្ថិតក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ។
លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលបាល ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតសំខាន់ក្នុងវិស័យអប់រំលើការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងន័យនេះសូមឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនតាមបែបឌីជីថល ហើយខិតខំសិក្សាស្វែងយល់ឱ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ត្រូវបន្តថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់រៀននិងខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។
លោកជំទាវបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសប្បុរសជនដែលបានជួយគាំទ្រ ថវិកា សម្ភារៈ ស្មារតីដើម្បីបង្កើតកម្មវិធីនេះឡើងក្នុងការលើកទឹកចិត្តដល់ក្មួយកុមារឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយយុវជនជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត
លោកជំទាវ ឃួន ឃុនឌី បានប្រគល់ម៉ូតូដល់សិស្សនិទ្ទេសA ចំនួន៣ នាក់ដែលមកពីវិ. ហ៊ុន សែន ត្បែង ០១នាក់
វិ.ទួលក្បិល០២ នាក់ និងឧបត្ថម្ភ ថវិកា២លានរៀលដល់សិស្សពិការភាពជាប់និទ្ទេសB និងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស២០០ នាក់ផងដែរ ។